ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អគ្គិភ័យ នៅរោងចក្រស្បែកជើងមួយកន្លែង នៅភាគអាគ្នេយ៍នៃប្រទេសចិន បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់អណ្ដាតភ្លើង និងជួយសង្គ្រោះមនុស្សដែលជាប់នៅខាងក្នុង។
ទូរទស្សន៍ CCTV បានឱ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះឡើងនៅប្រហែលម៉ោងថ្ងៃត្រង់ តាមពេលវេលាក្នុងស្រុក (ត្រូវម៉ោង ៤:០០ ម៉ោងសកល) នាថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុង Jinjiang ក្នុងខេត្ត Fujian ដោយមានមនុស្សមួយចំនួនជាប់នៅលើដំបូល។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់បានបាត់់បង់ជីវិត ឬរងរបួស។
មន្ត្រីពន្លត់អគ្គិភ័យ ក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CCTV ថា កិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យ នៅតែមាន ទោះបីជាអណ្តាតភ្លើងភាគច្រើន ត្រូវបានពន្លត់នៅម៉ោងប្រហែល ៥:៤០នាទីល្ងាច ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៩:៤០ ម៉ោងសកល) ក៏ដោយ។ ក្រុមពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ បានបញ្ជូនមនុស្ស ១៨៣នាក់ និងរថយន្ត ៣៥គ្រឿង ទៅកាន់កន្លែងកើតហេតុនោះ។
វីដេអូដែលចេញផ្សាយដោយទូរទស្សន៍ CCTV បានបង្ហាញថា អណ្តាតភ្លើងអាចត្រូវបានគេមើលឃើញកំពុងឆាបឆេះពេញអគាររោងចក្រកម្ពស់ច្រើនជាន់ ដោយផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកកំពុងហុយទ្រលោមឡើងទៅលើអាកាស។ មនុស្សជាច្រើនដែលទំនងជាជាប់នៅក្នុងអគ្គិភ័យនេះ អាចត្រូវបានគេមើលឃើញស្ថិតនៅលើដំបូល ខណៈដែលមានផ្សែងហុយជុំវិញពួកគេ៕

