ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំរំចេក និងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានក្រើន រំលឹកប្រជាពលរដ្ឋអំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី០៥ នៅខែមិថុនា ឆ្នាំ២០២២ និងបានណែនាំដល់បេក្ខជនពេញសិទ្ធិ និងបម្រុងប្រធានក្រុមបក្ស ប្រធានសាខាគណបក្សភូមិ ឃុំ ដែលជាជនបង្គោល ជាជនបង្អែក ដែលអាចផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋនោះ ត្រូវត្រៀមខ្លួន និងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀបចំទិសដៅឱ្យបានច្បាស់លាស់ ដើម្បីគាំទ្រដល់ដំណើរការបោះឆ្នោតនេះ សំដៅឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានប្រៀបឈ្នះ។
ឯកឧត្ដម បានណែនាំឱ្យចុះជួបសមាជិកតាមខ្នងផ្ទះនីមួយៗ គ្រប់គ្រងចំនួនសមាជិករបស់ខ្លួនឲ្យបានល្អ និងនាំប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ការបោះឆ្នោតនេះ គឺមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះឃុំ គឺជាអ្នកផ្ដល់សេវាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ។
ឯកឧត្ដម សង្ឃឹមថា បេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះបោះឆ្នោត ប្រធានក្រុមបក្សប្រធានសាខាគណបក្សភូមិឃុំ និងសមាជិក សមាជិកាបក្សទាំងអស់នៅឃុំទាំងពីរនេះ និងសហការគ្នាយ៉ាងជិតស្និទ្ធ ពួតដៃគ្នាជាធ្លុងមួយ ដើម្បីសម្រេចជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៥នេះ ៕ អត្ថបទ៖ ថុង សីហា