រដ្ឋអាជ្ញាអ៊ុយក្រែនបានបដិសេធនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះថា មិនមានការជាប់ពាក់ព័ន្ធរបស់ទីក្រុងគីវឡើយ ក្នុងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ក្នុងឆ្នាំ២០២២ ហើយបានស្នើឱ្យបង្កើតក្រុមស៊ើបអង្កេតរួមគ្នាជាមួយអាល្លឺម៉ង់ ដែលសង្ស័យថា អង្គភាពរដ្ឋអ៊ុយក្រែននៅពីក្រោយហេតុការណ៍នោះ។
ការផ្ទុះទាំងនេះ ដែលបានកើតឡើងក្រោយប៉ុន្មានខែបន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលជាបណ្ដាញដ៏សំខាន់ សម្រាប់ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប ក៏ដូចជាធ្វើឱ្យខូចខាតដល់បំពង់ Nord Stream 2 ដែលមិនទាន់បានចាប់ផ្ដើមដំណើរការនៅឡើយ។
ការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយផ្អែកលើការស៊ើបអង្កេតរហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបង្ហាញថា អ៊ុយក្រែន អង្គភាពផ្លូវការរបស់ប្រទេស ឬមន្ត្រីណាម្នាក់របស់រដ្ឋាភិបាលមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះកាលពីខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្របាល់ទិក ឬបានចេញបញ្ជាពាក់ព័ន្ធណាមួយ តំណាងឱ្យអ៊ុយក្រែន។
ការិយាល័យនេះបានបន្ថែមថា៖ «ក្នុងពេលជាមួយគ្នានេះ ការស៊ើបអង្កេតលើកាលៈទេសៈទាំងនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយភស្តុតាងចាំបាច់នៅតែត្រូវបានប្រមូល និងត្រួតពិនិត្យ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានចោទប្រកាន់អតីតមន្ត្រីកងទ័ពអ៊ុយក្រែនម្នាក់ ពីបទរួមគំនិតប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការបំផ្ទុះនេះ ដោយចោទប្រកាន់រូបគេថា បានធ្វើសកម្មភាពតំណាងអង្គភាពរដ្ឋអ៊ុយក្រែនដែលមិនត្រូវបានបញ្ជាក់៕