សហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ បានលើកឡើងនូវក្របខ័ណ្ឌទណ្ឌកម្មថ្មីមួយ ដែលផ្តោតលើការរត់ពន្ធជនអន្តោប្រវេសន៍ ការជួញដូរមនុស្ស និងទម្រង់ផ្សេងទៀតនៃក្រុមឧក្រិដ្ឋកម្ម ដែលនឹងដាក់ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរលើជនល្មើស។
ដោយសំដៅទៅលើការបង្ក្រាបលើអ្នករត់ពន្ធ និងអ្នកជួញដូរជនអន្តោប្រវេសន៍ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងទាំងអស់គ្នាមានគោលដៅរួម។ ដើម្បីធ្វើឱ្យជនទាំងនោះមិនប្រកបអាជីវកម្មបែបនេះ។ ហើយដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ដែលស្រមៃចង់បានជីវិតកាន់តែល្អប្រសើរ។ យើងជាប្រជាជនអឺរ៉ុប ត្រូវតែជាអ្នកសម្រេចថា អ្នកណាត្រូវមកកាន់ទីកន្លែងរបស់យើង ហើយមកក្នុងកាលៈទេសៈណា»។
សំណើនេះតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សាអឺរ៉ុប មុនពេលវាអាចត្រូវបានអនុវត្ត។ ការប្រកាសនេះកើតឡើងក្នុងពេលមានការជជែកដេញដោលយ៉ាងតានតឹង ជុំវិញគោលនយោបាយទេសន្តរប្រវេសន៍ នៅ EU។
កាលពីខែមុន សភាអឺរ៉ុបបានអនុម័តកំណែច្បាប់ទេសន្តរប្រវេសន៍ ដែលមានគោលបំណងធ្វើឱ្យការនិរទេសងាយស្រួលជាងមុន និងអនុញ្ញាតឱ្យមានមជ្ឈមណ្ឌលឃុំឃាំងនៅក្រៅដែនដីរបស់តំបន់៕