ដោយសំអាងដល់សម្តីរបស់ឯកអគ្គរដ្ឋទូតអាមេរិក ការិយាល័យប្រធានាធិបតីលីបង់ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ បានរាយការណ៍ឱ្យដឹងថា គណៈប្រតិភូអាមេរិក ត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសលីបង់ក្នុងពេលឆាប់ៗនេះ ដើម្បីត្រួតពិនិត្យការអនុវត្តដំណើរការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង» នៅភាគខាងត្បូង។
ប្រភពការទូតដែលដឹងពីការចរចានេះ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា លីបង់កំពុងទាមទារឱ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ទាំងនេះ មុនពេលចូលរួមក្នុងការចរចាជុំថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ និងទី ១៦ ខែកក្កដា នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ប្រទេសទាំង២ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលថ្ងៃទី២៦ ខែមិថុនា ដែលអំពាវនាវឱ្យមានការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការដកទ័ពរបស់អ៊ីស្រាអែលបន្តិចម្តងៗចេញពីទឹកដីលីបង់ដែលត្រូវបានកាន់កាប់ ខណៈពេលដែលកងទ័ពលីបង់ដាក់ពង្រាយចូលទៅក្នុង «តំបន់សាកល្បង»។
បើយោងតាមការិយាល័យប្រធានាធិបតីលីបង់ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ លោក Michel Issa បានប្រាប់លោកប្រធានាធិបតី Joseph Aoun ថា៖ «គណៈប្រតិភូយោធាអាមេរិក នឹងមកដល់ទីក្រុងបេរូត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីកំណត់យន្តការសម្រាប់ការអនុវត្តនៅទីតាំងជាក់ស្ដែង»។
កិច្ចព្រមព្រៀងនេះ ដែលត្រូវបានបដិសេធដោយក្រុមហេសបូឡា មិនបានកំណត់ពេលវេលា សម្រាប់ការដកទ័ពរបស់អ៊ីស្រាអែលទេ ហើយមន្ត្រីអ៊ីស្រាអែលក៏បានសន្យាផងដែរថា កងកម្លាំងរបស់ពួកគេនឹងនៅតែស្ថិតនៅក្នុង «តំបន់សន្តិសុខ» ដែលមានចម្ងាយជ្រៅ ១០គីឡូម៉ែត្រ ដរាបណាក្រុមហេសបូឡានៅតែមានអាវុធ៕