លោកអធិការបតី Friedrich Merz បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកបានអនុម័តលក់មីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យប្រទេសអាល្លឺម៉ង់ ទោះបីជាមានភាពមិនច្បាស់លាស់ នៅមុននេះ អំពីការដាក់ពង្រាយដែលបានគ្រោងទុកក៏ដោយ។
ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រដ្ឋសភា លោក Merz បានប្រាប់សមាជិកសភាថា៖ «នៅក្រៅកិច្ចប្រជុំអង្គការណាតូ (NATO) ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី យើងបានយល់ព្រមជាមួយរដ្ឋាភិបាលអាមេរិកថា យើងនឹងទិញមីស៊ីល Tomahawk របស់អាមេរិក ហើយដាក់ពង្រាយនៅក្នុងប្រទេសអាល្លឺម៉ង់»។
លោកបានបន្តថា ចំណាត់ការនេះនឹង «បិទចន្លោះប្រហោងយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងការការពាររបស់យើង ហើយក្នុងពេលជាមួយគ្នានេះ យើងនឹងធ្វើការលើការអភិវឌ្ឍប្រព័ន្ធអឺរ៉ុបផ្ទាល់ខ្លួនរបស់យើង និងដាក់ពង្រាយវានៅតំបន់អឺរ៉ុប»។ យ៉ាងណាក្ដី លោក Merz មិនបានបញ្ជាក់ថា ពេលណាដែលលោករំពឹងថា មីស៊ីល Tomahawk នឹងត្រូវបានដឹកជញ្ជូននោះទេ។
គួរបញ្ជាក់ថា មីស៊ីលនេះភាគច្រើនត្រូវបានបាញ់ចេញពីនាវាមុជទឹក និងនាវាចម្បាំង ហើយអាចហោះហើរបានចម្ងាយជាង ១.៦០០គីឡូម៉ែត្រ។
ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ បានចុះហត្ថលេខាលើលិខិតបង្ហាញចេតនា សម្រាប់កិច្ចព្រមព្រៀងមីស៊ីល Tomahawk កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការចរចាពីមុន រវាងលោក Merz និងប្រធានាធិបតីអាមេរិក លោក Donald Trump និងមន្ត្រីសន្តិសុខជាន់ខ្ពស់មកពីភាគីទាំង២៕