ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ លើវឌ្ឍនភាព និងវិធានការសម្រេចបានកន្លងមក។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញ ជាធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ស្របតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តតាមដានការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ និងការដោះស្រាយបញ្ហាជូនវិស័យ ឯកជនជាប្រចាំ ដោយបានរៀបចំរបាយការណ៍វឌ្ឍនភាពចំនួន៣លើក ដោយទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងបានផ្សព្វផ្សាយជូនផ្នែកឯកជន និងសាធារណជន។
ទាក់ទិននិងរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២៥, នេះគឺជារបាយការណ៍លើកទី៤ និងមានវិសាលភាពគ្របដណ្ដប់ វឌ្ឍនភាព នៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងវឌ្ឍនភាពនៃការដោះ ស្រាយបញ្ហាប្រឈម ដែលលើកឡើងដោយវិស័យឯកជនក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យ ដែលនៅសេសសល់តាំងពីឆ្នាំ២០២៤ និងបញ្ហាប្រឈមថ្មីៗក្នុងឆមាសទី២។
វឌ្ឍនភាពជារួម, វិធានការសម្រេចបានពេញលេញមានចំនួន ១៦៩ ស្មើជាង ៩៤% កើនឡើងចំនួន៣វិធានការ បើធៀបនឹង ការអនុវត្តវិធានការក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈវិធានការកំពុងត្រូវបានអនុវត្តមានចំនួន១០វិធានការ ស្មើជាង ៥% ក្នុងនោះ វិធានការកំពុងត្រូវបានអនុវត្តទាំងអស់ សុទ្ធតែសម្រេចបានវឌ្ឍនភាពសំខាន់ៗ។
សូមបញ្ជាក់ថា វេទិកា G-PSF លើកទី១៩ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់១១ចំណុចរួមមាន៖ (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ, (២) ការសម្រាលបន្ទុកលើអនុលោមភាព, (៣) ការសម្រួលដល់ធុរកិច្ច ក្រោមដែនសមត្ថកិច្ចពន្ធដារ, (៤), កិច្ចសម្រួលពាណិជ្ជកម្ម ក្រោមដែនសមត្ថកិច្ចគយ, (៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋា- រចនាសម្ព័ន្ធ, (៦) ការស្តារនិងការលើកស្ទួយការអភិវឌ្ឍ វិស័យទេសចរណ៍, (៧)ការអភិវឌ្ឍវិស័យកសិកម្មនិងកសិឧស្សាហកម្ម, (៨) វិស័យធនាគារនិងហិរញ្ញវត្ថុ, (៩) វិស័យរ៉ែនិងថាមពល, (១០) វិស័យសំណង់និងអចលនទ្រព្យ និង(១១) បញ្ហាផ្សេងៗ៕
អត្ថបទ៖ សុន រ៉ាឌី


















