មន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន Axios ថា ទោះបីជាមានការវាយប្រហារមួយសប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏ដោយ សហរដ្ឋអាមេរិក បានព្យាយាមបន្ធូរបន្ថយស្ថានការណ៍កាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីរាយការណ៍របស់សារព័ត៌មាន Axios និយាយថា រដ្ឋបាលលោកTrump នៅតែបន្តប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយ និងការចរចាកម្រិតបច្ចេកទេសដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

អ្នកសម្របសម្រួលប្រចាំតំបន់ ប្រទេសកាតា ប៉ាគីស្ថាន និងអ្នកសម្របសម្រួលផ្សេងទៀត បានធ្វើការសន្ទនាតាមទូរស័ព្ទច្រើនដងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយព្យាយាមនាំភាគីទាំងពីរឲ្យវិលត្រឡប់ទៅរកតុចរចាវិញ។

ប្រភពព័ត៌មានក្នុងតំបន់ដែលពាក់ព័ន្ធក្នុងការសម្របសម្រួលបានប្រាប់សារព័ត៌មាន Axios ថា «មានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏ទូលំទូលាយដើម្បីភាគីទាំងពីរព្រមព្រៀងជាមុនសិនលើការបន្ធូរបន្ថយភាពតានតឹង ហើយក្រោយមកកំណត់កាលបរិច្ឆេទសម្រាប់ការចរចាជុំមួយផ្សេងទៀតរវាងក្រុមបច្ចេកទេស»។
ដោយរាយការណ៍ពីសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ អ្នកសារព័ត៌មាន Al Jazeera បាននិយាយថា នៅតែមានការប្តេជ្ញាចិត្តពីមន្ត្រីសហរដ្ឋអាមេរិកចំពោះការចរចាបច្ចេកទេសរវាងប្រទេសទាំងពីរ។