លោក Friedrich Merz អធិការបតីអាល្លឺម៉ង់បានប្រកាសថា ប្រទេសរបស់លោកបានព្រមព្រៀងទិញមីស៊ីលស៊ីបគោលដៅ Tomahawk ផលិតនៅសហរដ្ឋអាមេរិក។ ជោគវាសនានៃកិច្ចព្រមព្រៀងនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ធ្លាប់បាននិយាយថា លោកនឹងកាត់បន្ថយវត្តមានយោធារបស់ប្រទេសលោកនៅក្នុងប្រទេសអាល្លឺម៉ង់។

លោក Merz បាននិយាយនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃព្រហស្បតិ៍ថា «យើងបានព្រមព្រៀងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្រៅកិច្ចប្រជុំសម្ព័ន្ធយោធា NATO ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ថា យើងនឹងទិញមីស៊ីល Tomahawk របស់អាមេរិក ហើយដាក់មូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់»។ លោក Merz បាននិយាយថា ប្រទេសរបស់លោកកំពុងបិទគម្លាតយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងវិស័យការពារជាតិ ហើយនឹងខិតខំអភិវឌ្ឍប្រព័ន្ធនៅអឺរ៉ុបដោយផ្ទាល់។

ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២៤ ថា សហរដ្ឋអាមេរិកនឹងបំពាក់ឲ្យកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់នូវអាវុធរយៈចម្ងាយឆ្ងាយ ដោយចាប់ផ្តើមនៅឆ្នាំនេះ ខណៈមីស៊ីល Tomahawk គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
ទោះជាយ៉ាងណា រដ្ឋបាលលោក Trump បាននិយាយកាលពីខែឧសភាថា ខ្លួនមានផែនការកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ប្រហែល៥.០០០នាក់។ រឿងនេះកើតឡើង បន្ទាប់ពីលោក Merz បានសួរអំពីវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជម្លោះនៅប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍នៅពេលនោះថា កិច្ចព្រមព្រៀងនេះអាចត្រូវបានលុបចោល។
