អាជ្ញាធរប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរបានចាប់ខ្លួនសមាជិកទាំងអស់នៃក្រុមមួយដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម(IS) ដែលពួកគេនិយាយថាទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅសប្តាហ៍នេះក្នុងទីក្រុងដាម៉ាស បន្ទាប់ពីប្រតិបត្តិការសន្តិសុខត្រូវបានសម្របសម្រួលនៅក្នុងរដ្ឋធានី និងតំបន់ជនបទដែលនៅជុំវិញនោះ។

ឧត្តមសេនីយ៍ Ahmad al-Dalati មេបញ្ជាការនៃអង្គភាពសន្តិសុខផ្ទៃក្នុងតំបន់ជនបទដាម៉ាស បាននិយាយថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតដែលធ្វើការក្នុងការសម្របសម្រួលជាមួយអង្គភាពចារកម្ម បានពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាព និងភស្តុតាងផ្សេងៗទៀតដែលប្រមូលបានពីកន្លែងកើតហេតុ។

លោក al-Dalati និយាយថា «យើងអាចកំណត់អត្តសញ្ញាណសមាជិកម្នាក់នៃក្រុមដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក ហើយតាមរយៈការតាមដានជននេះ យើងបានឈានទៅដល់សមាជិកដែលនៅសល់របស់ក្រុម»។ លោក al-Dalati និយាយថា កងកម្លាំងសន្តិសុខ បានធ្វើការឆ្មក់បង្ក្រាបក្នុងពេលដំណាលគ្នានៅក្នុងតំបន់ជាច្រើននៃទីក្រុងដាម៉ាស និងតំបន់ជនបទមួយចំនួន ដែលបានឈានទៅដល់ការចាប់ខ្លួនសមាជិកទាំងអស់នៃក្រុមដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក។ លោកនិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនសង្ស័យទាំងនោះជារបស់ក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួនអ្នកត្រូវបានឃុំខ្លួន ឬអត្តសញ្ញាណរបស់ពួកគេឡើយ។ ការផ្ទុះគ្រាប់បែកពីរលើកបានវាយប្រហារនៅក្បែរអគារក្រសួងទេសចរណ៍របស់ប្រទេសស៊ីរីកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។ ការផ្ទុះគ្រាប់បែកបានសម្លាប់មនុស្សម្នាក់ និងរបួសជាច្រើននាក់ដែលភាគច្រើនជាបុគ្គលិកក្រសួងមហាផ្ទៃខណៈក្បួនរថយន្តរបស់លោក Macron ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។