យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋពាក់កណ្តាលផ្លូវការបានឲ្យដឹងថា សំឡេងផ្ទុះត្រូវបានលាន់ឮនៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់ ខណៈមន្ត្រីយោធានៅសហរដ្ឋអាមេរិកបានច្រានចោលការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយប្រហារថ្មីទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា សំឡេងផ្ទុះជាច្រើនត្រូវបានគេឮកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ជុំវិញទីក្រុង Bushehr ជាទីតាំងរោងចក្រនុយក្លេអ៊ែរមួយរបស់អ៊ីរ៉ង់ និងទីក្រុង Choghadak ដែលនៅក្បែរនោះ។ សារព័ត៌មាននិយាយថា ការផ្ទុះចំនួនបីលើកបន្ថែមទៀតត្រូវបានគេឮនៅក្នុងទីក្រុង Konarak ភាគខាងត្បូង។

ភ្លាមៗនោះ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រាប់សារព័ត៌មាន Al Jazeera ថា យោធាអាមេរិកមិនបានធ្វើការវាយប្រហារណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ទេក្នុងរយៈពេលជាច្រើនម៉ោងកន្លងទៅនេះ។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកចាប់តាំងពីថ្ងៃអង្គារ ដោយទីក្រុងតេអេរ៉ង់បានវាយប្រហារទីតាំងយោធានៅទូទាំងឈូងសមុទ្រ រួមមាននៅប្រទេសកាតា បារ៉ែន និងកូវ៉ែត ធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នាកាលពីពាក់កណ្តាលខែមិថុនា កាន់តែមានភាពតានតឹង។
លោក Ehsan Jahanian អភិបាលរងក្រុង Bushehr ទទួលបន្ទុកកិច្ចការនយោបាយនិងសន្តិសុខ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRNA ថា ការផ្ទុះនៅក្នុងទីក្រុងនេះបណ្តាលមកពីប្រព័ន្ធការពារដែនអាកាស។
ប៉ុន្តែលោក Jahanian បាននិយាយបន្ថែមថា ទីបញ្ជាការកណ្តាលយោធាមួយកន្លែងនៅជាយក្រុង Bushehr ត្រូវបានវាយប្រហារ ជាអ្វីដែលលោកបានពិពណ៌នាថាជាគ្រាប់ផ្លោង។