ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្សកំពុងលេចរូបរាងកាន់តែច្បាស់នៅទូទាំងទ្វីបអឺរ៉ុប។ មនុស្សជិត១០.០០០ នាក់បានស្លាប់ក្នុងអំឡុងពេលរលកកម្ដៅខ្លាំងនៅរដូវក្តៅឆ្នាំនេះក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប ដោយមានអ្នកស្លាប់ជាង៥.០០០នាក់ត្រូវបានកត់ត្រានៅអាល្លឺម៉ង់តែមួយ នេះបើយោងតាមសារព័ត៌មាន Reuters។

ទីភ្នាក់ងារសុខភាពសាធារណៈរបស់អាល្លឺម៉ង់ គឺវិទ្យាស្ថាន Robert Koch (RKI) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៩កក្កដាសប្ដាហ៍នេះថា មនុស្សប្រមាណ៥.១២០នាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្ដៅរហូតមកដល់ពេលនេះនៅឆ្នាំនេះ។ ការស្លាប់ភាគច្រើនបានកើតឡើងនៅចុងខែមិថុនា ២០២៦នេះ នៅពេលសីតុណ្ហភាពជាមធ្យមប្រចាំសប្តាហ៍បានកើនឡើងលើសពី ២០ អង្សាសេ។
ក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួន RKI បាននិយាយថា ជនរងគ្រោះប្រហែល ៤.២៧០ នាក់មានអាយុ ៧៥ឆ្នាំ ឬចាស់ជាងនេះ។ ស្ត្រីច្រើនជាងបុរសបានស្លាប់ ដែលភាគច្រើនដោយសារតែស្ត្រីមានចំនួនច្រើនជាងនៃចំនួនប្រជាជនវ័យចំណាស់។ តួលេខរបស់អាល្លឺម៉ង់បន្ថែមពីលើរូបភាពដ៏គួរឱ្យព្រួយបារម្ភកាន់តែខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប។សេវាកម្មតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបាននិយាយក្នុងព្រឹត្តិបត្រព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបខាងលិចបានកត់ត្រាខែមិថុនាជាខែដ៏ក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រា ដោយមានសីតុណ្ហភាពជាមធ្យម២០,៧៤ អង្សាសេ។
ទន្ទឹមនឹងនេះ ក្រុមអាជ្ញាធរជាតិនៅបារាំង បែលហ្ស៊ិក អេស្ប៉ាញ និងហូឡង់បានរាយការណ៍ពីការស្លាប់លើសពី៤.៧០០នាក់ក្នុងអំឡុងពេលរលកកម្ដៅចាប់ពីថ្ងៃទី ២០-២៨ខែមិថុនា។ មនុស្សចាស់ជាជនរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការស្លាប់ដែលទាក់ទងនឹងកម្ដៅនៅទូទាំងទ្វីបអឺរ៉ុប ខណៈសីតុណ្ហភាពបំបែកកំណត់ត្រា និងអត្រាមរណភាពខ្ពស់ បានកើនឡើង បង្កឱ្យមានការព្រួយបារម្ភឡើងវិញអំពីហានិភ័យចេះតែកើនឡើងដែលបង្កដោយអាកាសធាតុអាក្រក់។តួលេខនេះកើតមានស្របគ្នានឹងរលកកម្ដៅឡើងក្ដៅខ្លាំងបំផុត នៅពេលសីតុណ្ហភាពបានឡើងដល់កំណត់ត្រារបស់ជាតិ ៤១,៧ អង្សាសេ។ដោយឡែក ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានព្រមានថា រលកកម្ដៅ ដែលធ្លាប់ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មានតែមួយលើកក្នុងមួយជំនាន់ ឥឡូវនេះកំពុងកើតឡើងស្ទើរតែរៀងរាល់ឆ្នាំដោយសារតែការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី៕


