យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ ថា ខណៈសម្ព័ន្ធយោធា NATO បានជួបប្រជុំគ្នានៅសប្តាហ៍នេះក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី បញ្ហាសំខាន់បំផុតមួយនៅចំពោះមុខសម្ព័ន្ធមិត្តនេះ គឺសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ។ ប៉ុន្តែអ៊ីរ៉ង់ បាននិយាយថា កិច្ចប្រជុំ និងការផ្តោតសំខាន់របស់កិច្ចប្រជុំលើច្រកសមុទ្រ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺមានហេតុផលនយោបាយ។

ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសទួរគី បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលោកគឺសន្តិវិធី ដោយសង្កត់ធ្ងន់ថាទីក្រុងតេអេរ៉ង់ ពុំមានបំណងផលិតអាវុធនុយក្លេអ៊ែរទេ។
ស្ថានទូតបាននិយាយបន្ថែមថា អ៊ីរ៉ង់មានការទទួលខុសត្រូវរក្សាសន្តិសុខនៅច្រកសមុទ្រ Hormuz ហើយសកម្មភាពបង្កអស្ថិរភាពរបស់ប្រទេសដទៃទៀតគឺជាប្រភពចម្បងនៃភាពអសន្តិសុខនៅក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារ IRNA បានរាយការណ៍។

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់ការសាទរខ្លួនឯងឥតឈប់ឈររបស់ប្រមុខណាតូ លោក Mark Rutte ចំពោះការបម្រើសង្គ្រាមខុសច្បាប់ ដោយនិយាយថាការគាំទ្ររបស់ណាតូចំពោះសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ បង្ហាញពីផ្នត់គំនិតដែលខ្វះភាពម្ចាស់ការរបស់អ្នកអែបអបដែលចូលចិត្តសរសើរ។