លោក Tom Fletcher មន្ត្រីជាន់ខ្ពស់ផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា គ្រោះមហន្តរាយដែលបង្កឡើងដោយគ្រោះរញ្ជួយដីជាបន្តបន្ទាប់ក្នុងកម្រិត៧,២ និង៧,៥ រ៉ិចទ័រ នឹង «ពិបាកខ្លាំងមិនគួរឲ្យជឿសម្រាប់រដ្ឋាភិបាលណាមួយនៅលើពិភពលោក» ក្នុងការគ្រប់គ្រង។

អង្គការសហប្រជាជាតិ មានគោលដៅទៅដល់ប្រជាជន១,៣លាននាក់ក្នុងរយៈពេល៦ខែខាងមុខ ដែលត្រូវការគាំទ្រជំនួយមនុស្សធម៌បំផុត។ អាជ្ញាធរ បានបង្កើនចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ដល់ ៣.៨៨៩នាក់ ខណៈចំនួនអ្នករងរបួសមានចំនួន១៦.៧៤០នាក់។

នៅពេលត្រូវបានសួរថាតើតួលេខអ្នកស្លាប់ និងរងរបួសរបស់រដ្ឋាភិបាលទាំងនេះអាចទុកចិត្តបានដែរឬទេ លោក Fletcher បាននិយាយថា វាពិបាកនិយាយដោយសារតែស្ថានភាពវឹកវរនៃគ្រោះមហន្តរាយ។ ខណៈ ប្រជាជនបានរិះគន់ការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋ លោកFletcher បាននិយាយថា ក្រុមសម្របសម្រួលរបស់អង្គការសហប្រជាជាតិដែលត្រូវបានបង្កើតឡើងជាមួយរដ្ឋាភិបាល បាននិងកំពុងធ្វើការដើម្បីសម្រួលដល់ជំនួយអន្តរជាតិ។
លោក Fletcher និយាយថា អង្គការសហប្រជាជាតិបានកៀរគរជំនួយសម្របសម្រួលបានជាង ៣០០ លានដុល្លាររួចហើយ ហើយប្រជាជនជិត៤០.០០០ នាក់បានទទួលជំនួយស្បៀងអាហារក្នុងរយៈពេលពីរសប្តាហ៍មកនេះចាប់តាំងពីការឆ្លើយតបចាប់ផ្តើម។ អង្គការសហប្រជាជាតិ ក៏កំពុងដាក់ពង្រាយក្រុមការងារដើម្បីផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នករស់រានមានជីវិត ជាពិសេសស្ត្រី និងកុមារ។
