វិមានក្រឹមឡាំងបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីលទ្ធភាពនៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់អ៊ុយក្រែនដើម្បីផលិតប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot)។ ការអត្ថាធិប្បាយទាំងនេះត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន TASS។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov រុស្ស៊ីដឹងយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ។លោកបាននិយាយថា រុស្ស៊ីកំពុងធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដើម្បីការពារផលប្រយោជន៍ប្រទេស រួមទាំងពីប្រព័ន្ធ Patriot ផងដែរ។

លោក Peskov បាននិយាយថា មានភាពផ្ទុយគ្នានៅក្នុងជំហររបស់សហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា ខណៈទីក្រុងវ៉ាស៊ីនតោនបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខ្លួនក៏កំពុងព្យាយាមសម្រួលដល់ការដោះស្រាយជម្លោះផងដែរ។
លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា នៅពេលស្ថានភាពជុំវិញអ៊ីរ៉ង់ត្រូវបានដោះស្រាយ ទីក្រុងវ៉ាស៊ីនតោននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការដោះស្រាយរវាងរុស្ស៊ី និងអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ លើកឡើងថា រុស្ស៊ីសង្ឃឹមថា នៅពេលអាមេរិកទទួលបានជោគជ័យក្នុងការដោះស្រាយស្ថានភាពជុំវិញអ៊ីរ៉ង់ ទោះបីជាមានការលំបាកគួរឱ្យកត់សម្គាល់ក៏ដោយ ពួកគេនឹងត្រលប់ទៅរកកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេលើផ្លូវអ៊ុយក្រែនវិញ។
លោក Peskov ក៏បានធ្វើអត្ថាធិប្បាយលើការអះអាងរបស់លោក Trump ផងដែរដែលថាការវាយប្រហាររបស់ទីក្រុងគីវនឹងនាំមកនូវការដោះស្រាយដោយសន្តិវិធីកាន់តែខិតជិត។
លោកថា របបក្រុងគីវ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីកាន់តែច្រើន រុស្ស៊ីនឹងត្រូវបង្ខំចិត្តបង្កើតតំបន់ទ្រនាប់កាន់តែច្រើន៕
