នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ហួន ចន្ទបូរ៉ា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ហើយដែលពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាន ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ គណៈប្រតិភូ បានប្រគល់ជូននូវសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសព ព្រមទាំងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា សៅ ង៉ែត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





