ក្រសួងបរិស្ថាន បានចាប់ផ្ដើមចែកដើមឈើប្រមាណជាង ៥លានដើមដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋយកទៅដាំដុះ។ ដើមឈើដែលផ្ដល់ជូនដោយមិនគិតថ្លៃនេះ មានទាំងដើមឈើប្រណីត ដើមឈើហូបផ្លែ ក៏ដូចជាដើមឈើលម្អ ដែលប្រជាពលរដ្ឋអាចទៅយកបានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២៦។
ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ ពន្លកបៃតង ដែលមានការដាក់តាំងបង្ហាញ និងចែកជូនដើមឈើរហូតដល់ជាង ៥លានដើម ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ។ ការចែកជូនដើមឈើដោយមិនគិតថ្លៃនេះ ចាប់ផ្ដើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ កក្កដា ដែលមានទីតាំងនៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃដំបូង នៃការចែកដើមឈើដោយមិនគិតថ្លៃនេះ ប្រជាពលរដ្ឋមួយចំនួនដែលបានទៅយកដើមឈើ បានបង្ហាញនូស្នាមញញឹម ភ្ជាប់ជាមួយនឹងដើមឈើជាច្រើនដើមនៅជាប់នឹងខ្លួន។ ពួកគេនឹងយកទៅដាំនៅដីរបស់ខ្លួន ដើម្បីផ្ដល់ជាម្លប់ ផ្ដល់ជាសោភណ្ឌភាព ក៏ដូចជាជួយដល់បរិស្ថាន។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា នេះជាពិព័រណ៍នៃក្តីសង្ឃឹម នៃ ស្មារតីទទួលខុសត្រូវ និងជាគ្រឹះនៃអនាគតបៃតងរបស់ ប្រទេសកម្ពុជាយើង។ កូនឈើតូចៗនីមួយៗដែលយើងឃើញនៅថ្ងៃនេះ សុទ្ធតែ បង្កប់នូវអត្ថន័យដ៏ធំធេង។ ទោះបីជាកូនឈើមានទំហំតូច ល្អិត ប៉ុន្តែកូនឈើទាំងនេះមានជីវិត កូនឈើទាំងនេះផ្តល់ម្លប់ កូនឈើទាំងនេះបង្កើតខ្យល់អាកាសបរិសុទ្ធ កូនឈើ ទាំងនេះនាំមកនូវសោភ័ណភាព និងជាខែលការពារ ទឹកដី ជីវៈចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ នៅ ពេលយើងចែកកូនឈើមួយដើមជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ គឺមិនមែនត្រឹមតែការផ្តល់រុក្ខជាតិមួយដើម នោះឡើយ ប៉ុន្តែនេះ គឺជាការប្រគល់នូវបេសកកម្មជាតិ និងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូប បានចូល រួមផ្ទាល់នៅក្នុងចលនាកសាងកម្ពុជាឱ្យកាន់តែមានភាពបៃតង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាតំណាងសម្ដេច នាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ «ពន្លក បៃតង» នេះ គឺជាគំនិតផ្តួចផ្តើមមួយដែលប្រកបដោយគុណតម្លៃ និងអត្ថន័យខ្លឹមសារជ្រាលជ្រៅជាទីបំផុត ដែលពិតជាមានសារៈសំខាន់ឥតឧបមា ក្នុងការបណ្តុះស្មារតី ស្រលាញ់បរិស្ថាន ធម្មជាតិ ព្រៃឈើ និងភាពបៃតង ដោយយើងទាំងអស់គ្នាមិនមែនបានត្រឹមតែ បង្ហាញនូវក្តីស្រលាញ់ត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមទាំងអស់គ្នាមានឱកាសបានបង្ហាញ នូវសកម្មភាពពិត ពោលគឺមានឱកាសទទួលយកកូនឈើដោយឥតគិតថ្លៃ ដើម្បីយកទៅដាំបណ្តុះ ដែលនេះ គឺជាសក្ខីកម្មមួយបង្ហាញពីសកម្មភាពជាក់ស្តែងនៃការស្រលាញ់ និងបណ្តុះពន្លកបៃតងសម្រាប់ ប្រទេសជាតិរបស់យើង។អត្ថបទ៖គឹមហុក










