ក្លិបបិសាចក្រហម Manchester United បានប្រកាសទីតាំងផ្លូវការសម្រាប់គម្រោងសាងសង់កីឡដ្ឋានថ្មីដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ១០០,០០០ នាក់ ដោយទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ ៣៥០ ម៉ែត្រ ភាគពាយព្យពីកីឡដ្ឋាន Old Trafford បច្ចុប្បន្ន។
កាលពីខែមុន ក្លិបបានទិញដីបន្ថែមទំហំ ២៥ អា សម្រាប់គម្រោងនេះ ដែលបច្ចុប្បន្នផ្នែកមួយនៃដីនោះកំពុងប្រើប្រាស់ជាទីលានប្រណាំងរថយន្ត Go-Kart។
រូបភាពគម្រោងដំបូងត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ដ៏ធំមានតម្លៃរាប់ពាន់លានផោន សម្រាប់ការកែប្រែ និងអភិវឌ្ឍតំបន់ជុំវិញ Old Trafford ដែលនឹងមានឈ្មោះថា Trafford Wharfside។
ក្លិបបានអះអាងថា រូបភាពដែលបានបង្ហាញគ្រាន់តែជាគម្រោងបឋមប៉ុណ្ណោះ ហើយការរចនាចុងក្រោយនៃកីឡដ្ឋាននឹងត្រូវកំណត់នៅក្នុងដំណាក់កាលបន្ទាប់នៃការពិភាក្សា។
ជាមួយគ្នានេះ Manchester United ក៏បានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តណាមួយទាក់ទងនឹងអនាគតរបស់កីឡដ្ឋាន Old Trafford បច្ចុប្បន្ននៅឡើយទេ។
តាមផែនការ គម្រោងអភិវឌ្ឍន៍ Trafford Wharfside លើផ្ទៃដីប្រមាណ ១៥០ ហិកតា នឹងបង្កើតជាសហគមន៍ថ្មីមួយ ដែលរួមមានផ្ទះសម្បែងថ្មីប្រមាណ ១៥,០០០ ខ្នង ហើយត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារថ្មីជាង ៤៨,០០០ កន្លែង សម្រាប់ប្រជាជនក្នុងតំបន់៕ អត្ថបទ៖នាង សុភាវុធ





