មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៦៥នាក់ នៅអ៊ុយក្រែន និងរបួស ១.៨១៦នាក់ ក្នុងខែមិថុនា ដែលជាចំនួនអ្នកស្លាប់ និងរបួសរួមបញ្ចូលគ្នាខ្ពស់បំផុត ចាប់តាំងពីខែដំបូង បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោកស្រី Rosemary DiCarlo ប្រធានកិច្ចការនយោបាយរបស់UN បាននិយាយថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ និងរងរបួសនៅអ៊ុយក្រែន ក្នុងខែឧសភា គឺខ្ពស់បំផុត ចាប់តាំងពីខែមេសា ឆ្នាំ ២០២២ ប៉ុន្តែទិន្នន័យពីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) របស់អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញពីចំនួនអ្នកស្លាប់កាន់តែខ្ពស់នៅក្នុងខែមិថុនា និងប្រហែលជាក្នុងខែកក្កដា ក៏ខ្ពស់ដែរ។
អ្នកនាំពាក្យUNម្នាក់ បាននិយាយថា ទិន្នន័យចុងក្រោយសម្រាប់ខែមិថុនា នឹងត្រូវចេញផ្សាយ នៅចុងខែកក្កដា។
លោកស្រី DiCarlo បាននិយាយថា៖«និន្នាការដ៏គួរឲ្យព្រួយបារម្ភនេះ ហាក់ដូចជាបន្តរហូតដល់ខែកក្កដា» ដោយលើកឡើងពីរលកវាយប្រហារតាមអាកាសដ៏ធំចំនួនបីរបស់រុស្ស៊ីលើទីក្រុងគីវ និងទីក្រុងអ៊ុយក្រែនផ្សេងទៀត កាលពីសប្តាហ៍មុននេះ ដែលភាគច្រើនកំណត់គោលដៅលើមជ្ឈមណ្ឌលទីក្រុងដែលមានប្រជាជនស៊ីវិលច្រើន៕
