នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) ប្រឆាំងនឹងប្រទេសរបស់លោក គួរតែត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរណាស់។ នេះបើយោងតាមការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«ការសន្ទនាមួយផ្សេងទៀត បានកើតឡើងរវាងលោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការលើកឡើងដែលចេញពីប្រធានាធិបតីទួរគី លោក អឺដូហ្កាន់ និងមន្ត្រីរបស់លោកប្រឆាំងនឹងអត្ថិភាពនៃរដ្ឋអ៊ីស្រាអែល គួរតែត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរខ្លាំងណាស់»។
រដ្ឋាភិបាលទួរគីតែងតែធ្វើការអត្ថាធិប្បាយរិះគន់ចំៗចំពោះអ៊ីស្រាអែល ដោយចោទប្រកាន់ប្រទេសនេះពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។ ទួរគីបានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋជ្វីហ្វ នៅក្នុងខែឧសភា ឆ្នាំ ២០២៤។ នៅថ្ងៃទី ០៤ ខែមិថុនា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែល«បានក្លាយជាបញ្ហាសម្រាប់ពិភពលោកទាំងមូល»។ លោកក៏បានហៅរដ្ឋាភិបាលអ៊ីស្រាអែលថា «ជាបន្ទុកដែលមនុស្សជាតិមិនអាចទ្រាំទ្រតទៅ ទៀតបាន»៕
