មន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែត The Times of Israel កាលពីថ្ងៃព្រហស្បតិ៍ថា ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់សាកល្បងមួយ ក្នុងចំណោមតំបន់សាកល្បងពីរនៅភាគខាងត្បូងលីបង់ គ្រោងនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បន្តស្វែងរកការជំរុញការចរចារវាងអ៊ីស្រាអែល និងលីបង់។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខណ្ឌដែលអ៊ីស្រាអែល និងលីបង់ បានចុះហត្ថលេខាកាលពីខែមុន នៅទីក្រុងវ៉ាស៊ីនតោន ទីក្រុងហ្ស៊េរុយសាឡឹមបានយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីតំបន់តូចៗពីរនៅភាគខាងត្បូងលីបង់ ដែលត្រូវបានបោសសម្អាតហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា ដើម្បីជំនួសដោយសមាជិកនៃកងកម្លាំងប្រដាប់អាវុធលីបង់ (LAF)។

រយៈពេលពីរសប្តាហ៍ បានកន្លងផុតទៅ ចាប់តាំងពីមានកិច្ចព្រមព្រៀងនោះ ដោយកងកម្លាំងអ៊ីស្រាអែលនៅតែស្ថិតនៅក្នុងតំបន់ទាំងពីរដែលត្រូវបានចាត់ទុកថា ជាតំបន់សាកល្បង។
មន្ត្រីអារ៉ាប់ម្នាក់ដែលដឹងពីបញ្ហានេះ បានប្រាប់កាសែត The Times of Israelថា ខណៈដែលសហរដ្ឋអាមេរិក បានកំណត់ពេលចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់សម្រាប់សប្តាហ៍ក្រោយនៅទីក្រុងរ៉ូម ជាកន្លែងដែលភាគីទាំងពីរ នឹងកសាងលើកិច្ចព្រមព្រៀងក្របខណ្ឌ ទីក្រុងបេរូតបាននិយាយថា ខ្លួននឹងមិនចូលរួមទេ រហូតដល់អ៊ីស្រាអែល បានបញ្ចប់ការដកទ័ពដែលបានព្រមព្រៀងគ្នា។
ទោះបីជាមានកម្រិតក៏ដោយ ក៏សម្ពាធរបស់សហរដ្ឋអាមេរិក បាននាំឲ្យមានវឌ្ឍនភាពខ្លះក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យអនុវត្តផែនការដកកងទ័ពចេញពីតំបន់សាកល្បងទាំងនេះ៕