ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ព័ត៌មានទៅលោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) អំពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅតំបន់ឈូងសមុទ្រ បន្ទាប់ពីអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារថ្មីៗរបស់អាមេរិក។

ការិយាល័យរបស់លោក Netanyahu បានឱ្យដឹងតាមរយៈសារនៅលើបណ្ដាញសង្គម X ថា «ជាផ្នែកមួយនៃទំនាក់ទំនងជាបន្តបន្ទាប់» រវាងប្រទេសទាំង២ «លោកប្រធានាធិបតី Trump បានធ្វើបច្ចុប្បន្នភាពប្រាប់ទៅលោកនាយករដ្ឋមន្ត្រី (Netanyahu) អំពីចំណាត់ការរបស់អាមេរិក នៅតំបន់ឈូងសមុទ្រ»។ មន្ត្រីអាមេរិកមួយរូបក៏បានបញ្ជាក់ផងដែរថា ការជជែកតាមទូរស័ព្ទនេះ បានកើតឡើង តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ជាមួយគ្នានេះ យោងតាមសារនៅលើបណ្ដាញសង្គម X នោះ បានឱ្យដឹងទៀតថា មេដឹកនាំអ៊ីស្រាអែលក៏បានបង្ហាញក្ដីបារម្ភផងដែរទៅកាន់សេតវិមាន ពាក់ព័ន្ធនឹងប្រទេសទួរគី ដោយចោទប្រកាន់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ថា បានធ្វើសេចក្តីថ្លែងការណ៍ «ប្រឆាំងនឹងអត្ថិភាពនៃរដ្ឋអ៊ីស្រាអែល ក៏ដូចជាតម្រូវការ សម្រាប់តំបន់សន្តិសុខ តាមបណ្តោយព្រំដែនអ៊ីស្រាអែល»៕
កាលពីថ្ងៃទី៧ ខែកក្កដា លោក Erdogan បានបដិសេធការអះអាងរបស់អ៊ីស្រាអែលថា ជា «ព័ត៌មានមិនពិត» ដែលថា ការលក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងគ្រឿងបន្លាស់ទៅឱ្យទីក្រុងអង់ការ៉ា នឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអំណាចក្នុងតំបន់។ នៅថ្ងៃទី៦ ខែកក្កដា លោក Netanyahu បានជំរុញឱ្យសហរដ្ឋអាមេរិកកុំលក់យន្តហោះទាំងនោះទៅឱ្យសម្ព័ន្ធមិត្តក្នុងអង្គការណាតូ (NATO) គឺទួរគី៕

