នៅថ្ងៃសុក្រនេះ ចិនបានបញ្ជាក់ឡើងវិញពីការជំទាស់របស់ខ្លួនចំពោះសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអចិន្រ្តៃយ៍ដែលបានសម្រេចថា ការទាមទារសិទ្ធិនៅដែនសមុទ្រដ៏ទូលំទូលាយរបស់ចិននៅសមុទ្រចិនខាងត្បូង គ្មានសុពលភាពនោះទេ ក្រោមច្បាប់អន្តរជាតិ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា ចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា សាលក្រមសម្រេចបែបនេះ គឺខុសច្បាប់ គ្មានសុពលភាព ហើយគ្មានកាតព្វកិច្ចស្របច្បាប់ ។
អ្នកស្រីបន្តថា ចិនពុំទទួលយក ឬទទួលស្គាល់ការសម្រេចចិត្តមួយនេះឡើយ ហើយពួកយើងក៏មិនទទួលយកអំណះអំណាងណាមួយ ឬវិធានការណាមួយផ្អែកលើការសម្រេចមួយនេះឡើយ ។

នៅចុងសប្តាហ៍នេះ គឺជាខួបគម្រប់ ១០ឆ្នាំនៃជ័យជំនះដ៏សំខាន់ជាប្រវតិ្តសាស្រ្តរបស់ហ្វីលីពីប្រឆាំងនឹងការទាមទារសិទ្ធិរបស់ចិននៅសមុទ្រចិនខាងត្បូង ប៉ុន្តែប្រជានេសាទក្នុងស្រុកហ្វីលីពីន ពុំហ៊ានធ្វើដំណើរទៅនេសាទត្រីនៅជិតតំបន់ថ្មប៉ប្រះទឹក Scarborough និងដែនទឹកនេសាទដ៏មានតម្លៃរបស់ពួកគេ ដោយសារក្តីបារម្ភពីការយាយីរបស់នាវាចិន ។
តុលាការមជ្ឈត្តកម្មអចិន្រ្តៃយ៍ និយាយថា ដែនទឹកនៅតំបន់ថ្មប៉ប្រះទឹក Scarborough ដែលចិនហៅឈ្មោះថា Huangyan Dao គឺជាដែននេសាទបែបប្រពៃណីចែករំលែកដោយប្រទេសជាច្រើន រួមទាំងហ្វីលីពីន ចិន និងវៀតណាម ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំបានសម្រេចថា តើប្រទេសណាមួយ មានអធិបតេយ្យភាពលើតំបន់ថ្មប៉ប្រះទឹកមួយនេះឡើយ ៕
