មនុស្សរាប់រយនាក់ នៅកោះតៃវ៉ាន់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយសាលារៀន និងការិយាល័យជាច្រើន បានបិទទ្វារ ខណៈដែលព្យុះទីហ្វុងដ៏ធំបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ បោកបក់ឆ្ពោះទៅតំបន់នេះ នៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ។
ព្យុះទីហ្វុង Bavi ត្រូវបានគេរំពឹងថា នឹងវាយប្រហារភាគខាងជើង និងភាគខាងកើតរបស់កោះតៃវ៉ាន់ ក៏ដូចជាកោះដាច់ស្រយាលភាគនិរតីរបស់ប្រទេសជប៉ុន នៅថ្ងៃទី១០ និងទី១១ ខែកក្កដា មុនពេលបក់បោកទៅដល់ប្រទេសចិន ដែលបានរងគ្រោះដោយសារព្យុះដ៏កំណាចនៅសប្តាហ៍នេះ។
ប្រជាជននៅក្នុងទីក្រុងកំពង់ផែគីលុង (Keelung) ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់មួយ ក្នុងចំណោមតំបន់ដែលប៉ះពាល់ខ្លាំងបំផុតនោះ បានស្តុកទុកអាហារ បិទបង្អួច និងដាក់ស្បោងច្រកខ្សាច់ នៅច្រកចូលហាងអាជីវកម្មតាមដងផ្លូវ ដោយស្តាប់តាមការព្រមានពីអាជ្ញាធរឱ្យចាត់វិធានការបង្ការ។ សាលារៀន និងការិយាល័យជាច្រើន ត្រូវបានបិទទ្វារនៅថ្ងៃទី១០ ខែកក្កដានេះ នៅទូទាំងភាគខាងជើង និងភាគខាងកើតនៃកោះតៃវ៉ាន់ រួមទាំងទីក្រុងតៃប៉ិផងដែរ។
ជាមួយគ្នានេះ ព្យុះទីហ្វុងនេះ បានធ្វើដំណើរជិតទៅដល់កោះដាច់ស្រយាលមួយនៅភាគនិរតីរបស់ជប៉ុននៅថ្ងៃទី១០ ខែកក្កដានេះ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីការមានខ្យល់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកជំនន់ ដែលនេះអាចជាព្យុះដ៏បំផ្លិចបំផ្លាញបំផុត នៅក្នុងតំបន់ ក្នុងរយៈពេលជាច្រើនឆ្នាំ។
នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ព្យុះទីហ្វុងនេះបានបក់បោកជិតដល់កោះ Sakishima របស់ជប៉ុន ជាកោះដាច់ស្រយាលមួយ នៅជិតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់បក់អតិបរមា ១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលជំរុញឱ្យប្រជាជនក្នុងតំបន់ រកវិធីការពារផ្ទះសម្បែង និងហាងរបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើររាប់សិបជើង នៅក្នុងតំបន់ រួមទាំងជើងហោះហើរ សម្រាប់ថ្ងៃទី១១ ខែកក្កដាផងដែរ៕



