មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅសប្ដាហ៍នេះ បានទម្លាក់ទស្សនវិស័យរបស់ខ្លួន សម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយលើកឡើងពីផលរំខានថាមពលដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។ ប៉ុន្តែផលវិបាកពីជម្លោះនេះ កំពុងត្រូវបានប៉ះប៉ូវដោយផ្នែក ដោយសារការរីកចម្រើននៃការវិនិយោគ លើបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាផ្សេងទៀត។
ឥឡូវនេះ IMF រំពឹងថា សេដ្ឋកិច្ចពិភពលោក នឹងកើនឡើងក្នុងល្បឿនដ៏យឺតត្រឹម ៣ភាគរយ នៅឆ្នាំ២០២៦ ដោយធ្លាក់ចុះពីកម្រិត ៣,៥ភាគរយ កាលពីឆ្នាំមុន និងថយចុះពី ៣,១ភាគរយដែលខ្លួនបានព្យាករកាលពីខែមេសា សម្រាប់ឆ្នាំនេះ។ ហើយមូលនិធិនេះ ជឿថា កំណើនសេដ្ឋកិច្ចទូទាំងពិភពលោក នឹងងើបឡើងវិញដល់កម្រិត ៣,៤ភាគរយ នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយការបិទច្រកសមុទ្រ Hormuz ជាផ្លូវដែលប្រេងឆៅ និងឧស្ម័នធម្មជាតិ ១ភាគ៥ របស់ពិភពលោកឆ្លងកាត់។ តម្លៃថាមពលបានហក់ឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យអាជីវកម្ម និងអ្នកប្រើប្រាស់កាន់តែជួបការលំបាកខ្លាំងឡើងៗ។ នាពេលនេះ IMF រំពឹងថា តម្លៃប្រេងនឹងឡើងជិត ៣២ភាគរយ នៅឆ្នាំនេះ ហើយសម្រាប់តម្លៃទំនិញប្រើប្រាស់សកលទាំងមូល នឹងឡើងខ្ពស់ ៤,៧ភាគរយ នៅឆ្នាំ២០២៦។
យ៉ាងណាក្ដី ការព្យាកររបស់ IMF សន្មតថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញនៅចុងខែនេះ ពោលគឺបើទោះបីជាការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ បានចាប់ផ្តើមឡើងវិញ ហើយលោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីថ្ងៃពុធថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បានបញ្ចប់ក៏ដោយ។ ស្ថាប័ននេះក៏សន្មតផងដែរថា ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រនេះ នឹងវិលត្រឡប់ទៅរកសភាពប្រក្រតីវិញ នៅខែមីនាឆ្នាំក្រោយ៕


