ប្រធានាធិបតីចិន លោក Xi Jinping បានសបង្ហាញក្ដីបារម្ភ អំពីគ្រោះថ្នាក់នៅកន្លែងធ្វើការដែលបណ្ដាលឱ្យមានអ្នកស្លាប់ម្តងហើយម្តងទៀត បន្ទាប់ពីអគ្គិភ័យនៅរោងចក្រស្បែកជើងមួយកន្លែង បានឆក់យកមនុស្សយ៉ាងតិច ២៨នាក់។

ទូរទស្សន៍មជ្ឈិមចិន បានរាយការណ៍ថា អគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) បានកើតមានឡើងនៅទីក្រុងឆ្នេរសមុទ្រ Quanzhou ដែលមានប្រជាជន ៧,៧លាននាក់ ដោយបន្ថែមថា មនុស្ស ២នាក់ បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ហើយ ២៦នាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថា ស្លាប់ នាពេលក្រោយមក។
ទូរទស្សន៍ CCTV បានផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងកន្លែងធ្វើការមួយដែលមានសម្ភារៈងាយឆាបឆេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំក្រុមហ៊ុនត្រូវបានឃុំខ្លួន ហើយគណនីរបស់ក្រុមហ៊ុនត្រូវបានបង្កក។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua បានរាយការណ៍ថា ដោយគូសបញ្ជាក់ពីក្ដីបារម្ភកាន់តែខ្លាំងឡើងរបស់ថ្នាក់ដឹកនាំចិន អំពីបញ្ហាសុវត្ថិភាពនៅកន្លែងធ្វើការ លោក Xi បានមានប្រសាសន៍ថា៖ «ចាប់តាំងពីដើមឆ្នាំនេះមក គ្រោះថ្នាក់សុវត្ថិភាពផលិតកម្មធំៗជាច្រើន បានកើតឡើង»។ លោកបានបន្ថែមថា៖ «គ្រប់តំបន់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែរៀនសូត្រយ៉ាងស៊ីជម្រៅពីមេរៀនទាំងនេះ ហើយដោះស្រាយបញ្ហា»។
កាលពីខែឧសភា ប្រទេសនេះបានកើតមានហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មដ៏អាក្រកបំផុតជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៩ នៅពេលដែលមនុស្សប្រមាណជា ៨២នាក់បានស្លាប់ នៅក្នុងខេត្ត Shanxi ភាគខាងជើង ជាឧប្បត្តិហេតុមួយដែលជំរុញឱ្យលោក Xi អំពាវនាវឱ្យមានវិធានការសុវត្ថិភាពកាន់តែល្អប្រសើរ។ ប៉ុន្មានថ្ងៃក្រោយមក មនុស្ស ៥នាក់ បានបាត់បង់ជីវិត អំឡុងបំណាក់អណ្តូងរ៉ែមួយកន្លែង នៅខេត្ត Yunnan នៅភាគនិរតី។ នៅខែដដែលនោះ ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចភ្ញីមួយកន្លែង ក្នុងទីក្រុង Changsha ភាគកណ្តាល បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៧នាក់ស្លាប់៕


