អាជ្ញាធរសុខាភិបាលអាហ្វ្រិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) បានលើកឡើងថា ការផ្ទុះឡើងនៃជំងឺ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជា «ការកើនឡើងលឿនបំផុត» ដែលមិនធ្លាប់មាន ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មនុស្សយ៉ាងតិច ៦០០នាក់ហើយ បានបាត់បង់ជីវិត ដោយសារជំងឺនេះ។
តួលេខដែលត្រូវបានធ្វើបច្ចុប្បន្នភាពចេញដោយទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) មួយនេះ បានបង្ហាញថា មានការឆ្លងចំនួន ១.៧៥៩ករណី នៅកុងហ្គោ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា ក្នុងនោះរួមទាំងការស្លាប់ចំនួន ៦០០នាក់។
លោក Wessam Mankoula ប្រធានផ្នែកត្រៀមបង្ការ និងឆ្លើយតបបន្ទាន់ សម្រាប់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាការផ្ទុះឡើងនៃជំងឺ Ebola ដែលកើនឡើងលឿនបំផុតមិនធ្លាប់មាន មិនត្រឹមតែក្នុងចំណោមការផ្ទុះឡើងនៃវីរុសប្រភេទ Bundibugyo ពីមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវីរុសផ្សេងៗទាំងអស់ដែលបង្កជំងឺអេបូឡាផងដែរ»។
លោកបានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺ Ebola ដែលបណ្ដាលឱ្យមានអ្នកស្លាប់ច្រើនបំផុត ក្នុងឆ្នាំ២០១៣-២០១៦ នៅអាហ្វ្រិកខាងលិច មានករណីឆ្លងចំនួន ៩៩៤ករណី ក្នុងរយៈពេល ៦សប្តាហ៍ដំបូង បើប្រៀបធៀបទៅនឹង ១.៥៩៦ករណី នាពេលបច្ចុប្បន្ននេះ៕



