ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសម្របសម្រួលរបស់អ៊ុយក្រែនជាមួយក្រុមហ៊ុនជប៉ុនមួយដើម្បីផលិតមីស៊ីលស្ទាក់ចាប់ប៉ាទ្រីយ៉ូត(Patriot)។ ការថ្លែងរបស់លោកបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់លោកកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែនក្នុងការផលិតមីស៊ីល Patriot។
នៅពេលត្រូវបានសួរសុំការអត្ថាធិប្បាយលើក្រុមហ៊ុន Mitsubishi Heavy Industries ដែលផលិតមីស៊ីល Patriot ក្រោមអាជ្ញាប័ណ្ណ លោកZelenskyy បាននិយាយថា ក្រុមហ៊ុនជប៉ុនបង្ហាញពីកម្រិតផលិតកម្មខ្ពស់។ លោកបាននិយាយបន្ថែមថា នេះគឺជាគំរូដ៏រឹងមាំមួយសម្រាប់អ៊ុយក្រែនក្នុងការចាប់ផ្តើមការផលិត។
លោក Zelenskyy ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកមានបំណងចែករំលែកបទពិសោធន៍ ប្រសិនបើភាគីជប៉ុនមានឆន្ទៈក្នុងការធ្វើដូច្នេះ។ អ៊ុយក្រែនកំពុងប្រឈមនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃមីស៊ីលស្ទាក់ចាប់ដើម្បីទប់ទល់ទៅនឹងការវាយប្រហារដោយមីស៊ីលបាលីស្ទីកពីប្រទេសរុស្ស៊ី។
អ្នកជំនាញយោធានិយាយថា វានឹងចំណាយពេលប្រហែលពីរឆ្នាំសម្រាប់អ៊ុយក្រែន ដើម្បីអាចចាប់ផ្តើមផលិតមីស៊ីល Patriot បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិក។

