ដោយសភាអ៊ីស្រាអែល កំណត់ពេលរំលាយចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ត្រឹមតែបួនខែទៀតនៅមុនការបោះឆ្នោតជាតិ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កំពុង ប្រជែងដើម្បីអនុម័តសេចក្តីស្នើច្បាប់មួយចំនួន ដែលបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រឆាំង។
បច្ចុប្បន្នមានសេចក្តីស្នើច្បាប់ចំនួន៧កំពុងស្ថិតក្នុងរបៀបវារៈរបស់សភា នៅក្នុងសភាដែលមាន១២០អាសនៈរបស់អ៊ីស្រាអែល ដែលនីមួយៗជាអាទិភាពសម្រាប់គណបក្សមួយឬច្រើននៅក្នុងក្រុមចម្រុះកាន់អំណាចរបស់លោក Netanyahu។
តាមរយៈការចរចានយោបាយ លោក Netanyahu សង្ឃឹមថានឹងពង្រឹងសម្ព័ន្ធមិត្តរបស់លោក និងឈានទៅរកការបោះឆ្នោតនៅចុងខែតុលាពីជំហរដ៏រឹងមាំមួយ ទោះបីជាការបោះឆ្នោតស្ទង់មតិបានបង្ហាញថាលោកអាចនឹងពិបាកក្នុងការវិលត្រឡប់ទៅកាន់តំណែងវិញក៏ដោយ។
នាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ ដែលបានកាន់តំណែងរយៈពេលជិតពីរទសវត្សរ៍មកហើយក្នុងពេលច្រើនអាណត្តិ កំពុងប្រឈមនឹងកំហឹងរបស់សាធារណជនចំពោះការបរាជ័យជាបន្តបន្ទាប់ ជាពិសេសការបរាជ័យដែលនាំឱ្យមានការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបង្កឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា។

