ការិយាល័យកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងស្រុកនិយាយថា មនុស្ស ១៥នាក់ បានស្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយបំណាក់ដី ២កន្លែង បង្កឡើងដោយសារប្រព័ន្ធខ្យល់មូសុងជំរុញដោយព្យុះ Bavi បានកប់ពន្លិចមនុស្ស ២គ្រួសារនៅខេត្ត Sarangani ស្ថិតលើកោះភាគខាងត្បូង Mindanao របស់ហ្វីលីពីន នាព្រឹកថ្ងៃសុក្រនេះ ។
ឧបទ្ទេហេតុនេះ បានកើតឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ឥតឈប់ឈរ និងខ្យល់មូសុងពីទិសភាគនិរតី ដែលបង្កឲ្យដីស្រុត ។
យោងតាមការអះអាងរបស់អាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា ដីនៅតំបន់នោះ គ្មានភាពរឹងមាំរួចទៅហើយដោយសារការរញ្ជួយកម្រិត ៧,៨រ៉ិចទ័រ កាលពីថ្ងៃទី ៨ ខែមិថុនា ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា ។
បុរសម្នាក់ ត្រូវបានជួយសង្រ្គោះចេញពីកម្ទេចកម្ទីនៅព្រឹកថ្ងៃសុក្រនេះ ហើយនិងប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្ស ១១៥គ្រួសារ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ។
កិច្ចខិតខំជួយសង្រ្គោះ និងរុករក កំពុងធ្វើឡើង ដើម្បីធានាថា គ្មានជនរងគ្រោះបន្ថែមទៀតនោះទេ បន្តនៅជាប់ក្រោមបំណាក់ដី ។
ខណៈពេលនោះដែរ អាជ្ញាធរក្នុងស្រុក បានជំរុញឲ្យអ្នកស្រុកបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃបំណាក់ដីបន្ថែមទៀត ៕

