ប្រព័ន្ធមីស៊ីល S-400 ដែលទួរគីទិញពីរុស្ស៊ីពីមុន ត្រូវបានលក់ទៅឲ្យប្រទេសឈូងសមុទ្រពែក្ស។នេះបើយោងតាមការចុះផ្សាយកាសែតគាំទ្ររដ្ឋាភិបាលទួរគី Hurriyet។
អ្នកសរសេរអត្ថបទអត្ថាធិប្បាយនយោបាយឲ្យកាសែតHurriyet លោក Abdulkadir Selvi បានសរសេរថា៖«យោងតាមព័ត៌មានដែលខ្ញុំមាន ប្រព័ន្ធមីស៊ីល S-400 ត្រូវបានលក់ទៅឲ្យភាគីទីបី។ កិច្ចព្រមព្រៀងនេះនឹង ត្រូវប្រកាសនៅថ្ងៃសុក្រនេះ។ ប្រព័ន្ធ S-400 នឹងត្រូវផ្ទេរទៅឲ្យប្រទេសឈូងសមុទ្រពែក្ស។ កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងកាលពីថ្លៃព្រហស្បតិ៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានដោះស្រាយនៅពាក់កណ្តាលអធ្រាត្រ។ អេមីរ៉ាតអារ៉ាប់រួម និងកាតា ត្រូវបានលើកឡើង នៅក្នុងរឿងនេះ ប៉ុន្តែវាជាការប្រសើរជាងក្នុងការរង់ចាំការប្រកាសជាផ្លូវការ»។
បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងអង់ការ៉ា នាថ្ងៃទី ៧-៨ ខែកក្កដា ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានសម្តែងទំនុកចិត្តថា ទីក្រុងអង់ការ៉ានឹងត្រឡប់ទៅកម្មវិធី F-35 វិញ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិក បាននិយាយថា លោកមិនទាន់បានធ្វើការសម្រេចចិត្តលើបញ្ហានេះនៅឡើយទេ៕

