ដោយសំអាងដល់សម្ដីរបស់មន្ត្រីអាមេរិក ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍នៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត កំពុងដំណើរការនៅខាងក្រោយឆាក ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
មន្ត្រីរូបនេះ បើតាមសេចក្ដីរាយការណ៍ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរដោយចេតនា រវាងការវាយប្រហារ និងការផ្អាក សម្រាប់ប្រតិបត្តិការយោធា ជាកិច្ចប្រឹងប្រែង ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងបន្ថែមទៀត និងដើម្បីអាចឱ្យមានវឌ្ឍនភាពការទូត ខណៈពេលដែលបន្តរក្សាបញ្ជីគោលដៅ នាពេលខាងមុខ ជាចំណុចមានប្រៀប។
ហើយជាមួយគ្នានេះ ដោយដកស្រង់សម្តីមន្ត្រីជាច្រើន CNN ក៏បានឱ្យដឹងផងដែរថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន សម្រាប់ការវាយប្រហារដែលអាចកើតមាន នៅយប់នេះ ប្រសិនបើចាំបាច់ ប៉ុន្តែការទូតកំពុងមានអាទិភាព នាពេលនេះ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហារជាច្រើនបានកំណត់គោលដៅទីតាំងយោធា នៅក្នុងទីក្រុងចំនួប ២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈដែលមន្ត្រីអ៊ីស្រាអែលបានប្រាប់ថា ពួកគេមិនបានដឹងនោះទេ អំពីការចូលរួមណាមួយរបស់អ៊ីស្រាអែល នៅក្នុងការវាយប្រហារ លើអ៊ីរ៉ង់ នាពេលនេះ។
មន្ត្រីអាមេរិកបានបន្ថែមថា ការចរចាបច្ចេកទេស រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែបន្ត ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់ដំណោះស្រាយផ្នែកការទូត។ មន្ត្រីរូបនេះបានកត់សម្គាល់ថា ស្ថានភាពនៅតែមិនស្ថិតស្ថេរ ហើយការវាយប្រហារដោយយោធា អាចចាប់ផ្ដើមឡើងវិញ ប្រសិនបើចាំបាច់៕

