នៅឆ្នាំចាប់តាំងពីកងទ័ពស៊ូដង់ដណ្តើមមកវិញការគ្រប់គ្រងរដ្ឋធានី Khartoum ពីកងកម្លាំងយោធាប៉ារ៉ាដែលបានរឹបអូសបានទីក្រុងមួយនេះ ពេលចាប់ផ្តើមផ្ទុះសង្រ្គាមស៊ីវិលកាលពីឆ្នាំ ២០២៣នោះ មនុស្សជាង ២លាននាក់ ក្នុងចំណោម ៥នាក់ដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុងមួយនេះ បានវិលត្រឡប់មកវិញ ។
ប៉ុន្តែទោះបីជាអាជ្ញាធរសន្យាស្តាឲ្យបានឆាប់ជីវិតរស់នៅធម្មតាវិញ ក្រោយជ័យជំនះយោធារបស់ពួកគេក៏ដោយនោះ ថាមពលនៅតែគ្មានភាគច្រើន អគារបន្តរងការខូចខាត ហើយកម្មករនៅតែពុំទាន់ត្រូវបានគេបើកប្រាក់ខែឲ្យ ។
ពលរដ្ឋមួយចំនួននិយាយថា ពួកគេបានវិលត្រឡប់មកវិញ គ្រាន់តែជាជម្រើសចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីរត់ភៀសខ្លួនចេញពីការបង្រ្កាមជនភៀសខ្លួននៅប្រទេសជិតខាងអេហ្ស៊ីប ។
រដ្ឋាភិបាលស៊ូដង់ ដែលបានផ្លាស់ទីក្រសួង និងការិយាល័យរដ្ឋបាលរបស់ខ្លួនទៅកាន់ទីក្រុងតំបន់ឆ្នេរ Port Sudan នោះ បានបញ្ជាឲ្យមន្រ្តីរដ្ឋការវិលត្រឡប់មកបម្រើការងារវិញនៅទីក្រុង Khartoum ។
ចំណែកឯ សិស្ស-និស្សិតដែលរៀនតាមប្រព័ន្ធនិម្មិត និងអនុញ្ញាតឲ្យចូលរួមប្រឡងនៅមណ្ឌលប្រឡងបណ្តោះអាសន្នស្ថិតតាមទីក្រុងផ្សេងទៀត ឬនៅបរទេសនោះ ត្រូវបានគេនិយាយប្រាប់ឲ្យវិលត្រឡប់ថ្នាក់រៀនវិញផងដែរ ។
អ្នកស្រី Nisreen Altayeb ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសអេហ្ស៊ីបជាមួយគ្រួសាររបស់គាត់បានសម្រេចចិត្តវិលត្រឡប់មកវិញ ក្រោយការបង្ក្រាបយ៉ាងចាស់ដៃលើជនភៀសខ្លួន បានចាប់ផ្តើមឡើងកាលពីដើមឆ្នាំនេះ ។
អ្នកស្រី Altayeb និយាយថា ពួកយើងចាកចេញពីស៊ូដង់ ដោយសារតែខ្វះសន្តិសុខ ប៉ុន្តែក្រោយមកពួកយើងបានជួបប្រទះរឿងរ៉ាវតែមួយ ។ វាគ្មានសុវត្ថិភាពនោះទេនៅប្រទេសអេហ្ស៊ីប ។
អ្នកស្រីបន្តទៀតថា ពេលពួកគេឮដំណឹងថា ស្ថានភាពនៅស៊ូដង់ល្អប្រសើរឡើង គាត់ និងគ្រួសាររបស់គាត់ បានសម្រេចចិត្តវិលត្រឡប់មកវិញ ។ គាត់ព្យាយាមវិលត្រឡប់ទៅធ្វើការវិញជាគ្រូបង្រៀន ប៉ុន្តែដូចគ្នានឹងមន្រ្តីរដ្ឋការផ្សេងទៀតដែរ គាត់ពុំត្រូវបានគេបើកប្រាក់បៀវត្សរ៍ជូននោះទេ ៕

