វិមានក្រឹមឡាំងនិយាយនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Vladimir Putin នៅតែបើកទូលាយចំពោះការសម្រេចបានគោលដៅរបស់រុស្ស៊ី តាមរយៈវិស័យការទូត ប៉ុន្តែទីក្រុងមូស្គូ កំពុងច្បាមយកតំបន់ទ្រនាប់ឲ្យបានធំជាងនេះនៅប្រទេសអ៊ុយក្រែន ជាការឆ្លើយតបនឹងសកម្មភាពកើនឡើងរបស់ទីក្រុងគីវ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឆ្លើយសំណួរ ជុំវិញអត្ថបទចុះផ្សាយកាលពីរយៈពេល ១ថ្ងៃមុន ដែលប្រភពចំនួន ៣ នៅជិតស្និតនឹងវិមានក្រឹមឡាំងនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារយានដ្រូនកាលពីពេលកន្លងទៅរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងកំពង់ផែរុស្ស៊ី កំពុងពង្រឹងដំណោះស្រាយរបស់លោក Putin ក្នុងការបន្តសង្រ្គាមមកទល់នឹងពេលនេះ ។
លោក Peskov និយាយថា រុស្ស៊ីមានជំនឿថា របបក្រុងគីវ គ្មានបំណងចូលរួមកិច្ចប្រជុំស្វែងរកសន្តិភាពនោះទេនៅពេលឥឡូវនេះ ហេតុដូច្នេះហើយ ទីក្រុងមូស្គូ ត្រូវតែបន្តយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។
លោកថា អ្នកត្រូវការលើកឡើងសំណួរមួយនេះទៅកាន់សេតវិមាន ថាតើភាគីអាមេរិក ត្រៀមខ្លួនរួចហើយឬនៅ ដើម្បីដាក់សម្ពាធរបបក្រុងគីវ ពួកយើងយល់ឃើញថា បច្ចុប្បន្នរបបក្រុងគីវពុំបានបង្ហាញទំនោរណាមួយឆ្ពោះទៅដំណើរការសន្តិភាពនោះទេ ។
លោក Peskov និយាយទៀតថា រុស្ស៊ីនៅតែបើកទូលាយចំពោះការសម្រេចគោលដៅរបស់ខ្លួនតាមរយៈកិច្ចចរចាផ្នែកនយោបាយ និងការទូតដោយសន្តិវិធី ហើយលោកប្រធានាធិបតី Putin នៅតែបើកទូលាយ ៕

