ស្របពេលក្តីបារម្ភពីកង្វះខាតទឹកប្រើប្រាស់ ក្រុមអាជ្ញាធរនៅរដ្ឋធានីបច្ចេកវិទ្យា Bengaluru របស់ប្រទេសឥណ្ឌា បានហាមឃាត់ការប្រើប្រាស់ទឹកស្អាតសម្រាប់សកម្មភាពពុំចាំបាច់ រួមទាំងការលាងរថយន្ត និងស្រោចផ្កា ។
វិធានការទប់ស្កាត់នេះដែរ បន្តដល់ការងារសំណង់ ការសម្អាតផ្លូវ និងការបំពេញទឹកក្នុងអាងហែលទឹក ។ ទោះបីជាយ៉ាងណាក៏ដោយ ការរឹតត្បិតនេះ ពុំអនុវត្តលើអាងហែលទឹកដែលប្រើប្រាស់ ដើម្បីបង្វឹកអត្តពលិក សម្រាប់ការប្រកួតកម្រិតថ្នាក់រដ្ឋ និងកម្រិតថ្នាក់ជាតិនោះទេ ។
អ្នកដែលរកឃើញការបំពានបទបញ្ជានេះ អាចនឹងប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ ៥០ដុល្លារ ហើយបើសិនជាហ៊ានបំពានម្តងទៀត អាចនឹងនាំឥ្យមានការពិន័យបន្ថែមទៀត ហើយនិងការកាត់បន្ថយការផ្គត់ផ្គង់ទឹក ។
ចំណាត់ការបែបនេះ បានកើតមានឡើង ស្របពេលដែលប្រទេសឥណ្ឌារកឃើញខែមិថុនាស្ងួតខ្លាំងបំផុតរបស់ខ្លួន ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ។
ដោយឡែក កម្រិតភ្លៀងធ្លាក់ពីទិសនិរតី នៅទាបជាងកម្រិតធម្មតា ហើយនិងបានធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ ជាពិសេសនៅតំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា ៕

