វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះថា ទីក្រុងមូស្គូបានទាក់ទងជាមួយទួរគី ពាក់ព័ន្ធនឹងជោគវាសនានៃប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ដែលជាកម្មសិទ្ធិរបស់ទីក្រុង Ankara បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ថា ទួរគីបានត្រៀមជាស្រេច ក្នុងការផ្ទេរមីស៊ីលការពារដែនអាកាសនេះទៅប្រទេសឈូងសមុទ្រមួយ ដែលមិនត្រូវបានបញ្ចេញឈ្មោះឱ្យដឹង។
សារព័ត៌មានទួរគី Hurriyet បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ទួរគីអាចប្រកាសថា ខ្លួននឹងលក់បន្តនូវមីស៊ីល S-400 ទៅឱ្យប្រទេសឈូងសមុទ្រមួយយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុងរង្វង់ថ្ងៃនេះ ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យលុបចោលទណ្ឌកម្ម លើទីក្រុង Ankara។
នៅឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើទួរគី ដែលជាសមាជិករបស់អង្គការណាតូដូចគ្នា ជុំវិញការទិញប្រព័ន្ធការពារដែនអាកាស S-400 ហើយបានដកប្រទេសនេះចេញពីកម្មវិធីផ្គត់ផ្គង់ និងផលិតយន្តហោះចម្បាំង F-35 ដែលទីក្រុង Ankara ចង់ចូលរួម។
នៅពេលត្រូវបានសួរនៅថ្ងៃសុក្រ អំពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនេះ និងថា តើទួរគីបានស្វែងរកការអនុញ្ញាតពីរុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍នេះដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា៖ «ខ្ញុំអាចនិយាយរឿងមួយនៅទីនេះ នោះគឺថា នេះគឺជាបញ្ហាដ៏រសើបបំផុត។ តែយ៉ាងណាក្ដី យើងបានទាក់ទងជាមួយភាគីទួរគី ពាក់ព័ន្ធនឹងបញ្ហានេះ ហើយយើងនឹងបន្តរក្សាទំនាក់ទំនងជាមួយពួកគេលើបញ្ហានេះ»៕