ប្រទេសអ៊ីរ៉ង់បានព្រមាននៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះថា ការសងសឹក ចំពោះការវាយប្រហារណាមួយ លើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នឹងកើតមាន ហើយអ៊ីស្រាអែលនឹងប្រឈមជាមួយការឆ្លើយតប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាននេះ លោក Mohammad Bagher Zolghadr លេខានៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានបញ្ជាក់ថា៖ «ដូចដែលយើងបានប្រកាសពីមុនមកហើយ ការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធ នឹងត្រូវបានឆ្លើយតបដោយការសងសឹកដូចគ្នា»។
លោកបានបន្ថែមថា អ៊ីស្រាអែល ដែលលោកបាននិយាយថា នៅពីក្រោយសកម្មភាពអរិភាពថ្មីៗនេះ «នឹងមិនមានសុវត្ថិភាពដោយសារការឆ្លើយតបនេះឡើយ»។
កាលពីខែមុន អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះយោធារបស់ភាគីទាំង២ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។
តែភាគីទាំង២ បានចាប់ផ្ដើមវាយប្រហារតបតគ្នា ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មចំនួន ៣គ្រឿង នៅច្រកសមុទ្រ Hormuz៕