បាតុកម្មបានផ្ទុះឡើងនៅរដ្ឋភាគខាងកើត West Bengal របស់ឥណ្ឌា ក្រោយករណីចាប់រំលោភសេពសន្ថវៈ និងឃាតកម្មលើក្មេងស្រីអានីតិជនម្នាក់ ក្នុងនោះអតីតអភិបាលរដ្ឋលោក Mamata Banerjee ដែលដឹកនាំបាតុកម្មនៅទីក្រុង Baruipur ទាមទាររកយុត្តិធម៌សម្រាប់ក្មេងស្រីដែលត្រូវបានសម្លាប់ ។
ក្មេងស្រីរងគ្រោះអាយុ ១១ឆ្នាំ បានបាត់ខ្លួន ហើយក្រោយមកត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងត្រពាំងមួយកន្លែង បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ West Bengal ។
បន្ទាប់ពីឧបទ្ទេវហេតុដែលបានកើតឡើងកាលពីថ្ងៃអាទិត្យនេះ ម្នាក់ក្នុងចំណោមជនសង្ស័យសំខាន់ក្នុងករណីនេះ ត្រូវបានសម្លាប់ អំឡុងការតបតជាមួយក្រុមនគរបាល ។
ជនជាប់ចោទម្នាក់នេះ ត្រូវបាននាំខ្លួនឲ្យធ្វើតម្រាប់តាមនៅកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្ម ជាទីដែលជនជាប់ចោទ ត្រូវបានគេចោទប្រកាន់ថា បានឆក់យកកាំភ្លើងពីមន្រ្តីនគរបាល និងព្យាយាមរត់គេច រួចបានបាញ់តបតជាមួយសមត្ថិកិច្ច ។
ក្រុមអាជ្ញាធរ និយាយថា ក្រោយមក ក្រុមនគរបាល បានចាត់វិធានការឆ្លើយតប ជាហេតុបណ្តាលឲ្យជនជាប់ចោទស្លាប់ ។
ការប៉ះទង្គិចគ្នានេះដែរ បង្កការខឹងសម្បារនៅក្នុងចំណោមមេដឹកនំាគណបក្សប្រឆាំង ។ លោក Mahua Moitra គឺជាមេដឹកនំាគណបក្សប្រឆាំងក្នុងតំបន់ Trinamool Congress និយាយថា នគរបាលមិនគួរបាញ់ជនសង្ស័យត្រូវចំដើមទ្រូង ខ្នង និងក្បាល ហើយសម្លាប់គាត់បែបហ្នឹងនោះទេ ។ ទាំងនេះ គឺជាច្បាប់នៃការតបត តែមាននូវភាពខុសប្លែកគ្នា រវាងនគរបាល និងហ្វូងកុបកម្ម ៕