ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យប្រទេសចិន និងកូរ៉េខាងជើង បន្តរក្សា «ដំណោះស្រាយជាយុទ្ធសាស្ត្រ» ក្នុងអំឡុងពេលមានបរិយាកាសពិភពលោកច្របូកច្របល់ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលលោកបានឈានដល់ជាមួយលោក Kim Jong Un កាលពីខែមុន។
លោក Xi បានធ្វើការកត់សម្គាល់បែបនេះ ពេលមានជំនួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song ដែលបានទៅដល់ទីក្រុងប៉េកាំង នាថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីចូលរួមព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាពរបស់ប្រទេសជិតខាងទាំង២។
កាលពីខែមុន លោក Xi បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេល ៧ឆ្នាំ ជាកន្លែងដែលលោក និងលោក Kim បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ ទូទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
ទូរទស្សន៍រដ្ឋ CCTV បានដកស្រង់សម្តីរបស់លោក Xi ដែលបានលើកឡើងថា៖ «បច្ចុប្បន្ននេះ ស្ថានភាពអន្តរជាតិមានទំនាក់ទំនងគ្នាជាមួយនឹងការផ្លាស់ប្តូរ និងភាពចលាចល។ ប្រទេសចិន និងកូរ៉េខាងជើងគួរតែបន្តរក្សាដំណោះស្រាយជាយុទ្ធសាស្ត្រ និងបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ»។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បានរាយការណ៍ទៀតថា ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យមានការអនុវត្តការឯកភាពគ្នាដែលលោកបានឈានដល់ជាមួយលោក Kim ឲ្យលឿនជាងមុន ដោយបញ្ជាក់ថា ភាគីទាំង២ គួរតែធានាថា ទំនាក់ទំនងរបស់ប្រទេសទាំង២ «តាមទាន់ពេលវេលា» ។ ហើយលោក Xi បានប្រាប់លោក Park ថា ប្រទេសទាំង២ គួរតែការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍រៀងៗខ្លួន៕