រូបភាពវីដេអូឃ្លីបពីលើអាកាស ឃើញផ្នែកជាច្រើននៃទន្លេ Loire នៅសស់តែដីខ្សាច់ប៉ុណ្ណោះ ស្ថិតនៅតំបន់ភាគខាងលិចប្រទេសបារាំង ស្របពេលដែលរលកកម្តៅឆាប់រហ័ស វាយប្រហារប្រទេសបារាំង ហើយសីតុណ្ហភាព បានកើនឡើងដល់ ៤១អង្សាសេនៅថ្ងៃសុក្រនេះ ។
ក្រសួងឧតុនិយមបារាំង និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេដាក់នាយកដ្ឋាន ៩កន្លែងនៅតាមដងទន្លេ Loire និងតំបន់ភាគលិចប្រទេសបារាំង ឲ្យស្ថិតក្រោមការប្រកាសអាសន្នកម្តៅកម្រិតខ្ពស់បំផុតពណ៌ក្រហម ចាប់ពីថ្ងៃត្រង់ ថ្ងៃសុក្រនេះតទៅ ។ នាយកដ្ឋាន ៧៦កន្លែងផ្សេងទៀត នឹងស្ថិតក្រោមការប្រុងប្រយ័ត្នកម្រិតពណ៌លឿងទុំ ។
ការប្រកាសអាសន្ននេះដែរ បានកើតមានឡើង ក្រោយភ្លើងឆេះព្រៃបង្ខំឲ្យពលរដ្ឋប្រហែល ១ម៉ឺននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់ភាគខាងត្បូងប្រទេសបារាំង កាលពីដើមសប្តាហ៍នេះ ។
ក្រុមអ្នកវិទ្យាសាស្រ្តសហភាពអឺរ៉ុប បានបញ្ជាក់ថា តំបន់ភាគខាងលិចអឺរ៉ុប បានរកឃើញខែមិថុនាក្តៅខ្លាំងបំផុតជាប់កំណត់ត្រា ហើយការព្រមានពីឧត្តមក្រុមប្រឹក្សាអាកាសធាតុបារាំងបញ្ជាក់ថា កិច្ចខិតខំរបស់ប្រទេសមួយនេះ លើការកាត់បន្ថយការបំភាយឧស្ម័ន និងការសម្របខ្លួនទៅនឹងអាកាសធាតុ នៅមិនទាន់គ្រប់គ្រាន់នោះទេ ។
នៅថ្ងៃសុក្រនេះដែរ នាយករដ្ឋមន្រ្តីបារាំងលោក Sébastien Lecornu នឹងមានកិច្ចប្រជុំវិបត្តិអន្តរក្រសួង ដើម្បីសម្របសម្រួលការឆ្លើយតបរបស់រដ្ឋាភិបាល ស្របពេលដែលក្រុមអាជ្ញាធរនៅតាមតំបន់ជាច្រើន បានដាក់ចេញវិធានការរឹតត្បិតការប្រើប្រាស់ទឹក ៕