
រថយន្តអគ្គិសនីរបស់អ្នកស្រី Oksana Yasinskaya បានបើកឆ្លងកាត់រថយន្តចតយ៉ាងវែងរង់ចាំចាក់ប្រេងរថយន្តរបស់ពួកគេនៅស្ថានីយប្រេងមួយកន្លែង និងបើកចូលទៅកន្លែងសាកអាគុយរថយន្តដែលនៅទំនេរ ស្ថិតនៅតំបន់ភាគអាគ្នេយទីក្រុងមូស្គូ ។
ក្រោយដោតសាកអាគុយរថយន្តរបស់គាត់ អ្នកស្រី Yasinskaya បានសំឡឹងមើលទីធ្លាដែលគេទុកចោលនៅក្នុងស្ថានីយប្រេង ដោយសញ្ញានៅលើម៉ាស៊ីនបូមសរសេរពាក្យសុំទោសថា ពួកគេគ្មានប្រេងបណ្តោះអាសន្ន គឺជាសញ្ញាស្រដៀងគ្នា កើតមាននៅតាមតំបន់ជាច្រើនរបស់រុស្ស៊ី ជាទីដែលការវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅថាមពល បានធ្វើឲ្យរឹតត្បិតការផ្គត់ផ្គង់ ។
កង្វះខាតប្រេងដែលនាំឲ្យមានការរង់ចាំរាប់ម៉ោង ដើម្បីចាក់ប្រេង ហើយតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ហក់ឡើងខ្ពស់ជាងមុននោះ បង្ខំឲ្យអ្នកបើកបរមួយចំនួនដូចជាអ្នកស្រី Yasinskaya និងប្តីរបស់គាត់ ងាកទៅរករថយន្តអគ្គិសនីមកប្រើប្រាស់វិញ ។
អ្នកស្រី Yasinskaya គឺជាវិស្វករវ័យ ៣៦ឆ្នាំ ដែលត្រូវធ្វើដំណើរទៅធ្វើការនៅទីក្រុងមូស្គូ និយាយថា ការតម្រង់ជួររង់ចាំនៅស្ថានីយប្រេង បានដោះស្រាយសំណួរ ។ កាលពីមុន ពួកយើងពុំដែលគិតដល់ការទិញរថយន្តអគ្គិសនីមកប្រើប្រាស់នោះទេ ។
អ្នកស្រីបន្តថា គាត់មានអារម្មណ៍ធូរស្បើយ ដោយសារតែគាត់ មិនចាំបាច់តម្រង់ជួរ ដើម្បីចាក់សាំងរថយន្តនៅតាមស្ថានីយប្រេង ។ គាត់មិនចូលចិត្តខ្ជះខ្ជាយពេលវេលានោះទេ គាត់ដឹងថា ពលរដ្ឋច្រើនណាស់បានចំណាយពេល ២-៣ម៉ោង ដើម្បីតម្រង់ជួររង់ចាំចាក់ប្រេងរថយន្តរបស់ពួកគេនៅតាមស្ថានីយ ឬបើករថយន្តទៅចាក់ប្រេងនៅពេលយប់ ៕