ភ្នំពេញ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ នៅរាជធានីភ្នំពេញ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំនេះ ដែលឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូល។
ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសិន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញថា សមាជិកហ្វ្រង់កូហ្វូនី ទាំងអស់តំណាង ១៦% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ពិភពលោក និងមានទំហំសេដ្ឋកិច្ចសរុប ២០% របស់ពិភពលោក។

ឯឧត្តមបន្តថា កិច្ចប្រជុំកំពូលឆ្នាំនេះ នឹងមានប្រធានបទ«ការវិនិយោគឡើងវិញទៅលើសន្តិភាព ដើម្បីវិបុលភាពរួមគ្នា និងស្ថិរភាពរយៈពេលយូអង្វែង»។ តាមរយៈកិច្ចប្រជុំនេះ កម្ពុជាមិនត្រឹមតែមានកិច្ចសហប្រតិបត្តិការតែជាមួយប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែជាមួយបណ្តាប្រទេសនិយាយភាសាបារាំងជាច្រើនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នាក្នុងការឈានទៅរកការរីកចម្រើនរួមគ្នា។
