ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោង«ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» រវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS។

នៅក្នុងពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតជាមានសេចក្តីសោមនស្សនូវពិធីដ៏មានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត «ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» ដែលជាគ្រឹះស្ថានរឹងចក្ខុវិស័យភ្ជាប់ដ៏មានសុវត្ថិភាពពីកសិដ្ឋានទៅកាន់តុអាហារ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធ រវាងវិស័យឯកជនកម្ពុជា និងបារាំង ស្តែងចេញជាគំរូល្អមួយសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រសួងកសិកម្ម នឹងផ្តល់ការគាំទ្រលើការសម្របសម្រួលបច្ចេកទេស ដើម្បីធានាថាដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក៕
អត្ថបទ៖ ឈិត បូរ៉ាវី ,







