
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០២០-២០២១ ចំនួន១,៧៥៣នាក់ នាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២២នេះ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមពន្លឺសុខសន្តិភាព បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័ស ខណៈក្រោយពីឆ្នាំ១៩៩៨មកសម្តេចបានចំណាយថវិការហូតដល់ ៤០០លានដុល្លារអាមេរិក ដើម្បីធ្វើសាលារៀនគ្រប់ទីកន្លែងនូវទូទាំងប្រទេស។
សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ក្មេងៗនាពេលបច្ចុប្បន្ននេះមានសំណាងច្រើនណាស់ដែលមានសាលារៀនល្អៗ និងស្រួលក្នុងការធ្វើដំណើរ ដោយភាពងាយស្រួលនេះគឺមិនមែន កើតឡើងដោយចៃដននោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានចំណាយថវិការាប់រយលានដុល្លារអាមេរិក ដើម្បីសាងសង់នូវសាលារៀនស្ទើគ្រប់ទីកន្លែងទាំងអស់រួមទាំងតំបន់អតីត សមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ក៏មានសាលារៀន មន្ទីរពេទ្យ និងផ្លូវធ្វើដំណើរយ៉ាងស្រួលផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា ចាប់ពីពេលនេះទៅសម្តេចនឹងកំណត់ឲ្យឃុំនីមួយៗមានអនុវិទ្យាល័យមួយយ៉ាងតិច ខណៈឃុំខ្លះតួចឲ្យមានមួយ និងឃុំខ្លះធំនឹងតម្រូវឲ្យមានចំនួនពីរ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការរៀនសូត្រ និងមិនចាំបាច់ចំណាយពេលវេលាយូរដើម្បីទៅសាលាបន្តទៀតនោះ៕អត្ថបទ៖ បាន ចក់









