អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ថា ប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្កាហ្សានៅតែត្រូវបានរារាំងដោយភាពអសន្តិសុខ ការរឹតបន្តឹងដំណើរការចូលរបស់អ៊ីស្រាអែល និងកង្វះមូលនិធិ ខណៈក្រុមជំនួយបានរាយការណ៍ពីជំងឺរាលដាល និងការជម្លៀសជាបន្តបន្ទាប់នៅទូទាំងតំបន់នោះ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric ដោយដកស្រង់សម្តីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលត្រូវតែបានការពារ នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។
លោកបាននិយាយថា ដៃគូមនុស្សធម៌កាលពីសប្តាហ៍មុនបានជួយគ្រួសារជាង៩៧០គ្រួសារដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុចំនួន១១លើកនៅទូទាំងតំបន់ហ្កាហ្សា រួមទាំងការវាយប្រហារតាមអាកាស ការជម្លៀសទាក់ទងនឹងសកម្មភាពយោធា ការរឹតបន្តឹងការធ្វើដំណើរនៅជុំវិញនោះ ជាអ្វីដែលគេហៅថាខ្សែបន្ទាត់លឿង អគ្គិភ័យឆេះទីជម្រក និងទឹកជន់លិច។
លោក Dujarric បាននិយាយថា ការឆ្លើយតបរួមមានការផ្តល់តង់ ភួយ ពូក ឧបករណ៍អនាម័យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ធុងសំរាម និងជំនួយស្បៀងអាហារ។ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនក៏កំពុងគាំទ្រដល់ប្រជាជនដែលប្រឈមនឹងជម្លៀសខ្លួនយូរអង្វែង ដែលអង្គការសហប្រជាជាតិបាននិយាយថា ប៉ះពាល់ដល់ប្រជាជនស្ទើរតែ២,១លាននាក់នៅក្នុងតំបន់ហ្កាហ្សា។


