ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមបាញ់មីស៊ីលរាប់ពាន់គ្រាប់ទៅលើអ៊ីរ៉ង់ កាលថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើឃាតរូបលោក។

លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «មីស៊ីលចំនួន ១.០០០គ្រាប់ ត្រូវបានត្រៀមរួចហើយ ដើម្បីប្រើប្រាស់ ហើយមានគោលដៅទៅលើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយមីស៊ីលរាប់ពាន់គ្រាប់ទៀត នឹងទៅតាមក្រោយភ្លាមៗ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែងរបស់ខ្លួន ដែលបានប្រកាសនៅគ្រប់ជ្រុងទាំងអស់នៃពិភពលោក ក្នុងការធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក ក្នុងករណីនេះ គឺរូបខ្ញុំ!»។
លោកបានបន្ថែមថា «បញ្ជាត្រូវបានដាក់រួចហើយ» ហើយបានអះអាងថា យោធាអាមេរិក «ត្រៀមខ្លួនជាស្រេច មានឆន្ទៈ និងមានសមត្ថភាព» សម្រាប់រយៈពេល ១ឆ្នាំ ដែលអាស្រ័យលើការពង្រីក «ដើម្បីធ្វើការបំផ្លិចបំផ្លាញតំបន់ទាំងអស់របស់ប្រទេសអ៊ីរ៉ង់ទាំងស្រុង»។
នៅមុននេះ លោក Trump បានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ គឺ «ចប់ហើយ» ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្តការចរចាដែលស្នើសុំដោយទីក្រុងតេអេរ៉ង់។
ថ្មីៗនេះ អ៊ីស្រាអែលបានចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយសហរដ្ឋអាមេរិក ដែលបង្ហាញថា អ៊ីរ៉ង់បានបង្កើតផែនការថ្មីមួយ ដើម្បីធ្វើឃាតលោក Trump។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Wall Street Journal៕

