ភ្នំពេញ៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ មានអគ្គិភ័យបានឆាបឆេះកម្ទេចកម្ទីក្នុងរោងចក្រផលិតចានស្នោរ មួយកន្លែងនៅក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ភ្លាមៗកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានចេញរថយន្តជួយអន្តរាគមន៍បាញ់ទឹកពន្លត់រលត់ទៅវិញ ដោយមិនបានរាលដាលកាន់តែធំ និងប៉ះពាល់ដល់ផ្ទះពលរដ្ឋនោះទេ។
សមត្ថកិច្ចខណ្ឌដង្កោបានឱ្យដឹងថា អគ្គិភ័យនេះ មិនបានឆាបឆេះរោងចក្រនោះទេ គឺឆេះគំនរកម្ទេចកម្ទីដែលសេសសល់កាលពីអគ្គិភ័យកន្លងទៅ។
សូមជម្រាបថា រោងចក្រផលិតចានស្នោរនេះ បានឆាបឆេះម្ដងហើយ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ហើយមកដល់រសៀលថ្ងៃទី១១ ខែកក្ដដាឆ្នាំ២០២៦នេះ ក៏មានអគ្គិភ័យឆាបឆេះកម្ទេចកម្ទីជាថ្មីម្ដងទៀត តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា ដោយមិនរាលដាល និងបណ្ដាលឱ្យនរណាម្នាក់គ្រោះថ្នាក់នោះទេ៕ អត្ថបទ ៖ តារាវុទ្ធី


