នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងសមភាគីនូវែលសេឡង់ លោក Christopher Luxon បានលើកកម្ពស់ទំនាក់ទំនងការទូតរបស់ប្រទេសទាំង២ នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលលោក Modi ប្រឹងប្រែងជំរុញចំណងមិត្តភាពរបស់ទីក្រុងញូវដេលី នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
មេដឹកនាំទាំង២ បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងអំឡុងពេលមានកិច្ចពិភាក្សានៅទីក្រុង Auckland ដែលឆ្លុះបញ្ចាំងពី «តម្លៃប្រជាធិបតេយ្យរួមគ្នា ទំនាក់ទំនងប្រជាជន និងប្រជាជនយ៉ាងជ្រាលជ្រៅ និងផលប្រយោជន៍រួមគ្នា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់ប្រទេសទាំង២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Radio New Zealand បានរាយការន៍ថា លោក Modi ដែលបានធ្វើដំណើរទៅដល់កាលពីយប់ថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ី និងអូស្ត្រាលី នឹងថ្លែងសុន្ទរកថាមួយទៅកាន់ព្រឹត្តិការណ៍ជនភៀសខ្លួនឥណ្ឌានៅឯទីលាន Auckland នាយប់ថ្ងៃទី១១ ខែកក្កដានេះ។
ដំណើរទស្សនកិច្ចលើកដំបូងដោយនាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់នូវែលសេឡង់ ក្នុងរយៈពេល ៤ឆ្នាំ បានកើតឡើងចំពេលមានការកើនឡើងនូវអារម្មណ៍ប្រឆាំងឥណ្ឌា នៅនូវែលសេឡង់ និងភាពតានតឹង នៅក្នុងក្រុមចម្រុះកំពុងកាន់អំណាចរបស់ប្រទេសនេះ ដែលបណ្តាលមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២។
ជាមួយគ្នានេះ ប្រទេសទាំង២ ក៏បានមានភាពកាន់តែជិតស្និទ្ធផងដែរ ជុំវិញបញ្ហាសន្តិសុខ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ហើយសន្យាថា នឹងសហការគ្នាកាន់តែច្រើន ពាក់ព័ន្ធនឹងសុវត្ថិភាពសមុទ្រ ដែលឆ្លុះបញ្ចាំងពីក្ដីបារម្ភរួមគ្នា អំពីស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

