ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានទៅដល់រដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ហើយ នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មាននេះបានឱ្យដឹងទៀតថា មន្ត្រីអូម៉ង់ បានស្វាគមន៍លោក Araghchi នៅពេលលោកធ្វើដំណើរទៅដល់។ មិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតនៅឡើយទេ។ កាលពីថ្ងៃសុក្រ សារព័ព៌មាន IRNA បានរាយការណ៍ថា ស្ថានភាពនៅច្រកសមុទ្រ Hormuz គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាដែលត្រូវពិភាក្សា អំឡុងទស្សនកិច្ចនេះ។
កាលពីពាក់កណ្តាលខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះយោធារបស់ភាគីទាំង២ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ តែភាគីទាំង២ បានចាប់ផ្ដើមបើកការវាយប្រហារតគ្នា ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន ៣គ្រឿងនៅច្រកសមុទ្រ Hormuz។
ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន កូវ៉ែត កាតា និងហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក៕

