មន្ត្រីបានប្រាប់ឱ្យដឹងថា រុស្ស៊ីបានវាយប្រហាររដ្ឋធានីអ៊ុយក្រែន ដោយមីស៊ីលបាលីស្ទិក នៅព្រឹកថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួស ខណៈដែលទីក្រុងគីវ កំពុងរង់ចាំការផ្គត់ផ្គង់អាវុធការពារដែនអាកាសថ្មី ស្របពេលមានការខ្វះខាតដែលបានធ្វើឲ្យទីក្រុងនេះងាយរងគ្រោះដោយសារការវាយប្រហាររបស់រុស្ស៊ី។
សាក្សីម្នាក់របស់សារព័ត៌មាន Reuters បានឮសំឡេងផ្ទុះខ្លាំងជាបន្តបន្ទាប់នៅក្នុងទីក្រុងនេះ នាពេលព្រឹកព្រលឹម មុនពេលការជូនដំណឹងពីការវាយប្រហារពីលើអាកាសត្រូវបានប្រកាស។ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកចំនួន ៦គ្រាប់ មីស៊ីលតម្រង់គោលដៅ ៦គ្រាប់ទៀត និងយានដ្រូន ១២១គ្រឿង ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅយ៉ាងហោចណាស់ ២គ្រាប់ និងយានដ្រូន ១១១គ្រឿង។
អ៊ុយក្រែន ដែលមានគ្រាប់កាន់តែតិចទៅៗ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ភាគច្រើនមិនអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិក ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងច្រើនដងបានឡើយ ក្នុងរយៈពេល ១ខែកន្លងមកនេះ។
រុស្ស៊ីបានបង្កើនការវាយប្រហារលើរដ្ឋធានីនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រហូតមកដល់ពេលនេះ នៅក្នុងខែនេះ ការវាយប្រហារលើទីក្រុងគីវ និងតំបន់ជុំវិញ បានសម្លាប់មនុស្សយ៉ាងតិចជាង ៦០នាក់។
រដ្ឋបាលយោធាក្រុងបានឱ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនៅថ្ងៃសៅរ៍នេះ បានបំផ្លាញអគារមិនមែនជាលំនៅឋានមួយកន្លែង នៅក្នុងតំបន់មួយ ខណៈដែលផ្សែងកំពុងហុយទ្រលោមចេញពីតំបន់មួយទៀត ហើយអគារការិយាល័យមួយ កំពុងមានអគ្គិភ័យ ដោយសារការវាយប្រហារនេះ៕



